កាតុ ត្អូញត្អែររឿងទិញផ្ទះពីបុរីឡេង ណាវ៉ាត្រា រយៈពេលជិត៣ឆ្នាំហើយនៅតែមិនទាន់ទទួលបានផ្ទះ
តារាពហុជំនាញអ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានចេញមកត្អូញត្អែរលើបណ្តាញសង្គមកាលថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០២៤ ដោយរៀបរាប់ពីខិតខំប្រឹងប្រែងរកស៊ីទាំងពីរនាក់ស្វាមី ក្នុងការងារសិល្បៈ និងការរកស៊ីផ្សេងៗ ដើម្បីបង់លុយផ្តាច់ទិញផ្ទះពីបុរីឡេង ណាវ៉ាត្រា ខណៈជិត៣ឆ្នាំហើយនៅតែមិនទាន់ទទួលបានផ្ទះ។
ដោយក្នុងនោះអ្នកនាង កាតុ បានរៀបរាប់ថា «ប៉ុន្មានថ្ងៃនេះក្នុងបណ្តាយសង្គមមានរឿងរ៉ាវជាច្រើន អ្នកខ្លះចង់ធ្វើនេះ អ្នកខ្លះចង់នោះ តែចំណែកខ្ញុំមិនចង់ធ្វើអ្វីទេចង់បានតែផ្ទះដែលជាញើសឈាម ដែលខំសន្សំពីរនាក់ប្តីប្រពន្ធទាំងយប់ទាំងថ្ងៃ ទាំងក្នុងការងារសិល្បៈនិងការងាររកស៊ីផ្សេងៗ ដើម្បីយកលុយទិញបុរី ឡេង ណាវ៉ាត់ត្រាផ្លូវជាតិ 6A បង់ផ្តាច់ តែអស់រយៈពេលជិតបីឆ្នាំហើយឃើញតែឥដ្ឋក្រហមបានពាក់កណ្តាលហ្នឹងឯង»។
តារាកំប្លែងរូបនេះ ក៏បានបន្តថា «សួរគេដែរតែគេឱ្យខ្ញុំយោគយល់ តើយោគយល់ប៉ុន្មានឆ្នាំទៀត (អាតូចយល់អាធំ) ខ្ញុំសែនពិបាកចិត្តរាល់ថ្ងៃ តែម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអី ចុះទម្រាំបងប្អូននៅផ្ទះជួលយកលុយពីធនាគារតើពួកគាត់គិតយ៉ាងមិច ជួយពិចារណាតាមការគួរ»។
ក្រោយតារាកំប្លែង កាតុ បាន បង្ហាញការឈឺចាប់របស់ខ្លួនដោយបង់លុយពេញថ្លៃ ប៉ុន្តែមិនទាន់បានផ្ទះនោះ ក៏ស្រាប់តែមានអ្នកលេងនៅលើបណ្ដាញសង្គមមួយចំនួនដែលពួកគេបានទិញផ្ទះ តែមិនទាន់ទទួលបានដែរបានសម្ដែងនូវការខកចិត្តជាខ្លាំង និងកំពុងរង់ចាំការដោះស្រាយពីខាងបុរី ឡេង ណាវ៉ាត្រា ផងដែរ ៕