រមណីយដ្ឋានភ្នំក្បាលរមាស ខេត្តកំពត កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងបរទេសតាមរយៈរុក្ខជាតិកម្រមួយប្រភេទនេះ
នៅលើបណ្ដាញសង្គមថ្មីៗនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើរុក្ខជាតិដ៏កម្រមួយប្រភេទដែលមានឈ្មោះថា «បល្ល័ង្ក នពារក្ស» ឫប្រទាល ១០០គុណ ដែលមានវត្តមាននៅក្នុងរឿងព្រេងខ្មែរ «ផ្ការាំ ទឹករាំ» ។
ពិតណាស់រុក្ខជាតិមួយប្រភេទនេះ ធ្លាប់តែបានមើលក្នុងរឿងព្រេងបុរាណខ្មែរ និងឮចាស់ៗដំណាលតៗគ្នាអំពីប្រភេទរុក្ខជាតិកម្រមួយប្រភេទដែលមានឈ្មោះថា ផ្ការាំទឹករាំ ស្រាប់តែថ្មីៗនេះ ត្រូវបានអ្នកទេសចររុករកមួយក្រុមប្រទះឃើញកំពុងតែលាក់ខ្លួននៅក្នុងល្អាងភ្នំសេដាអោនឬ ភ្នំក្បាលរមាស ក្នុងស្រុកទឹកឈូ ខេត្តកំពត។
រុក្ខជាតិកម្រមួយប្រភេទនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណ៍នៅក្នុងស្រុក និងបរទេសដែលចង់ទៅលេងកម្សាន្ត និងបានឃើញផ្ទាល់ភ្នែក ព្រោះថាផ្ការុក្ខជាតិមួយនេះពុំសូវដែលឃើញដុះនៅតាមទីតំបន់ច្រើននោះទេ មួយវិញទៀតវាជាប្រភេទរុក្ខជាតិដែលដុះនៅក្នុងរូងភ្នំ នាខែត្រជាក់មានរយៈពេលត្រឹមតែ ១០ទៅ១៥ថ្ងៃ រុក្ខជាតិកម្រមួយនេះអាចនឹងក្រៀមស្វិតទៅវិញ។ នេះបើតាមការឱ្យដឹងពីសំណាក់លោក អ៊ឹម ចន្ទ័សោធន អភិបាលស្រុកទឹកឈូ ។
ជុំវិញការរកឃើញរុក្ខជាតិកម្រ ប្រទាល ១០០គុណ នេះត្រូវបានមហាជនជាច្រើនស្នើឱ្យមានការអភិរក្ស ក៏ដូចជាដាំបន្ថែម (ប្រសិនបើអាច) និងថែរក្សាដើម្បីជាទស្សនីយភាពដ៏ស្រស់ស្អាតនៅក្នុងតំបន់រមណីយដ្ឋានមួយនេះ ដែលអាចទាក់ទាញភ្ញៀវទេសទេសចរជាតិ និងបរទេសឱ្យទៅលេងកម្សាន្តបាន៕
រូបភាពដោយ ៖ ពនេចរ