សំឡេងល្អ រូបក៏សង្ហា ជាពលករខ្មែរកំពុងបម្រើការនៅប្រទេសកូរ៉េ អនាគតអាចក្លាយជាតារាទេ បើច្រៀងពីរោះយ៉ាងហ្នឹង?

កូរ៉េខាងត្បូង៖ តារាកំពុងរះលើទឹកដីកូរ៉េខាងត្បូងដែលជាពលករខ្មែរមួយរូប មានរូបស្រស់សង្ហា និងទឹកដមសំឡេងយ៉ាងពីរោះក្រអួនក្រអៅ តែងតែបំពេរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ តាមរយៈបទចម្រៀង Cover លើគណនីហ្វេសប៊ុកឈ្មោះ UOK Phirum បន្ទាប់ពីលោកសម្រាកពីការងារលើទឹកដីកូរ៉េខាងត្បូង។

ឆ្លើយឆ្លងជាមួយលោក ចេង ចំរើន អ្នកផលិតមាតិកាផ្សាយនៃអង្គភាព Media 365 Daily កាលពីម្សិលមិញថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនវ័យ ៣០ឆ្នាំ អ៊ុក ភិរម្យ កូនអ្នកភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវបានឱ្យដឹងថា លោកបានទៅបម្រើការងារជាពលករនៅប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាង ៦ឆ្នាំមកហើយ និងក៏គ្រោងមកកម្ពុជាវិញនៅពេលឆាប់ៗនេះផងដែរ។

នាថ្ងៃទី២៦ ខែមករាម្សិលមិញនេះដែរ តាមរយៈកិច្ចសន្ទនាតាមប្រព័ន្ធឌីជីថលពីប្រទេសកូរ៉េ-កម្ពុជា ជាមួយកញ្ញា ដេង សៅលេង និងលោក អ៊ុក ភិរម្យ បានឱ្យដឹងផងដែរថា លោកមានចំណង់ចំណូលចិត្តផ្នែកចម្រៀង និងអាចច្រៀងតាមបទមរតកដើម តាមរយៈចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងលោកតា កែវ សារ៉ាត់ និងបទចម្រៀងតារាសម័យបច្ចុប្បន្ននេះក៏បានខ្លះដែរ និងតែងតែធ្វើជាឃ្លីបបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកទុកគ្រាន់ប្រិយមិត្តស្តាប់កម្សាន្ត តែជាការឆ្លៀតធ្វើ មិនបានញឹកញ៉ាប់ពេកនោះទេ។

តាមរយៈឧបករណ៍លោកផលិត និងច្រៀងបង្ហោះនៅលើបណ្តាញសង្គមនោះ ភាគច្រើនលោកច្រៀងថតវីដេអូធម្មតាៗ និងខ្លះទៀតយកសំឡេងកាត់តមកបញ្ចូលរូបភាព Cover មួយសន្លឹកភ្ជាប់ជាមួយរូបរបស់លោកផ្ទាល់ ដើម្បីបញ្ជាក់ក្នុងនាមជាអ្នកបានច្រៀងបទនោះឡើងវិញ ហើយបទចម្រៀងទាំងនោះឆ្លងកាត់តាមរយៈឧបករណ៍ក្បាលមេក្រូមួយ និង Mixer តូចមួយប៉ុណ្ណោះ។

តាមរយៈកិច្ចសន្ទនាម្សិលមិញនេះដែរ លោកក៏បានបកស្រាយចម្រៀងគោកចំនួន ២បទ ដែរ រួមមានបទ «ទួលគោកទួលកម្ម» និង បទ «សោភិនីមាសបង» ដែលជាចម្រៀងលោកតាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានស្តាប់ហើយមិនចេះជិនណាយ ខណៈសំឡេងគោករបស់ពលករកូរ៉េរូបនេះក៏មិនណយដែរ។

តាមរយៈការស្តាប់ដោយយកចិត្តទុកដាក់ និងធ្វើសេចក្តីវាយតម្លៃដោយសុភវិនិច្ច័យខ្ពស់ តើសំឡេងល្អ ក្រលួច ផ្អែមស្រទន់ និងរូបសម្រស់ក៏សង្ហាដែរនោះ អនាគត អាចក្លាយជាតារាចម្រៀងដែរទេ ប៉ុណ្ណឹង?

អត្ថបទដែលជាប់ទាក់ទង