ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងមានព្រាងរួចហើយ នៅឡើយតែអនុម័តសម្រេចប្រើ

នៅមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់រូបភាពយ៉ាងផុលផុស និងបង្កគ្រោះថ្នាក់លើដងផ្លូវជាហូរហែ ព្រមទាំងមានការព្រួយបារម្ភខ្លាំងអំពីសុខភាពសាធារណៈទៅលើប្រជាជនខ្មែរនោះ គឺត្រូវបានមហាជន ជាពិសេសអ្នកប្រើប្រាស់លើបណ្តាញសង្គមសព្វថ្ងៃ បានទទួចឱ្យរាជរដ្ឋាភិបាលកម្ពុជា ចេញច្បាប់គ្រប់គ្រងលើផលិតផលគ្រឿងស្រវឹងនេះ កាន់តែឆាប់កាន់តែល្អ។

ស្របតាមសំណើររបស់មហាជន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ យោងតាមតេឡេក្រាម ឯកសារមន្ត្រីសាធារណៈ បានចេញផ្សាយអំពីសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលមានរៀបចំរួចជាស្រេច ដោយក្នុងនោះមាន ១១ជំពូក និង ៣៩មាត្រា ១៨ទំព័រ ព្រមទាំងបញ្ជាក់កាលបរិច្ឆេទ តាំងពី ៩ឆ្នាំមុនម្ល៉េះ គឺនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។

យោងតាមសេចក្តីព្រាងច្បាប់ខាងលើនេះ បានបង្ហាញអំពីគោលបំណង និងទោសបញ្ញត្តិគ្រប់គ្រាន់សម្រាប់គ្រប់គ្រងត្រូតពិនិត្យលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទបាននៅកម្ពុជាផងដែរ។ មាត្រា ១ នៃច្បាប់នេះបានឱ្យដឹងថា ច្បាប់នេះមានគោលបំណងការពារសុខភាពសាធារណៈបរិស្ថាន និងកាត់បន្ថយផលប៉ះបាល់ទៅលើសេដ្ឋកិច្ច និងសង្គម។

បន្ថែមពីនេះត្រង់មាត្រា២ ចែងថា ច្បាប់នេះមានគោលដៅដូចតទៅ៖ ចាត់វិធានការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។ លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជនអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង។ សហការជាមួបណ្តាក្រសួង ស្ថាប័នជាតិ អន្តរជាតិ និងអង្គការដៃគូនានា ដើម្បីជំរុញការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង។

គួររំឭកថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ គឺត្រង់មាត្រា ១២ បានហាមលក់ ឬចែកចាយផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទដល់ ទី១ ជនដែលមានអាយុក្រោម ២១ឆ្នាំ ទី២ ស្ត្រីមានគភ៍ កាលបើគភ៍ត្រូវបានមើលឃើញជាក់ស្តែង ឬកាលបើខ្លួនបានដឹង និងទី៣ ជនស្ថិតនៅក្នុងស្ថានភាពស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ និងមាត្រា ១៣ បានកំណត់ចាប់ពីម៉ោង ១២យប់ ដល់ម៉ោង ៦ព្រឹក មិនអនុញ្ញត្តិឱ្យលក់ផលិតផលគ្រប់ប្រភេទផងដែរ។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនេះ និងអំពីបញ្ហាសង្គមសព្វថ្ងៃ សាធារណៈមានក្តីរំពឹងខ្ពស់ និងត្រេកអរខ្លាំង បើសិនជាច្បាប់នេះ ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលដ៏ឆាប់ណាមួយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង