ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅដើមខែសីហា ខាងមុខនេះ
នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធិផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដោយសម្ដេចធិបតី បានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហាខាងមុខនេះហើយ ។
ចំពោះព្រែកជីកហ្វូណនតេជោ គឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ ទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដែលទំហំ និងជម្រៅនេះ អនុញ្ញាតឱ្យនាវាដឹកបានចំនួន៤០០០តោននៅរដូវវស្សារ និង៣០០០តោននៅរដូវប្រាំង ដោយតភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប វីឯហេដ្ឋារចនាសម្ព័ន្ធនៃព្រែកជីកនេះគឺមានផ្លូវនាវាចរណ៍ចំនួន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ គ្រោងសាងសង់ដោយប្រើប្រាស់រយៈពេល០៤ឆ្នាំ ដើម្បីសាងសង់រួចរាល់។
ក្រោយការសាងសង់រួច ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ជាប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ និងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋដែលរស់នៅជាប់ដងព្រែកជីកប្រមាណ១ លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កើនទិន្នផលត្រី ព្រមទាំងអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបានថែមទៀតផង។
អ្វីដែលកាន់តែពិសេសនោះគឺ ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល និងខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង ដោយអាចបង្ហូរទឹកចូលបានតាមរយៈប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក ព្រមទាំងអាចបង្ហូរទឹកចេញមកវិញបានសម្រាប់ប្រើប្រាស់នៅរដូវប្រាំងផងដែរ៕