ត្រៀមណាត់គ្នាដើរលេង ! ខេត្តកំពត នឹងរៀបចំពិធីបុណ្យសមុទ្រនៅពាក់កណ្ដាលខែធ្នូខាងមុខនេះ
រំឭកថតក្រោយបន្តិចកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ។
ពិធីបុណ្យសមុទ្រឆ្នាំ២០២៤នេះ បានកំណត់ធ្វើនៅខេត្តកំពត ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ដោយគណៈកម្មការទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តកំពត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិល្បករខ្មែរក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ “អបអរ បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។
ចំពោះព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជា៖
១. ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ។ ២. សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ ។ និងទី៣. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តនានាផងដែរ៕