ត្រៀមរកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
បានយាងចូលទិវង្គតនៅថ្ងៃទីច័ន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤វេលាម៉ោង ១៧: ៤០ នាទី ។ ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសពប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក៏នឹងមានការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធពីគណៈសង្ឃ ព្រះថេរានុតេ្ថរៈ សម្ដេច ទ្រង់ ឯកឧត្តម លោកជំនាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ ទៅតាមប្រពៃណីពុទ្ធសាសនាខ្មែរ ។

ដើម្បីរក្សាបានបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការកកស្ទះចរាចរក្នុងព្រះពិធីបុណ្យខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្ដោះអាសន្ននូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ ចាប់ពីថ្ងទី ២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៤តាមតម្រាយផ្លូវដូចខាងក្រោម ៖

-បង្វែរទិសចរាចរកំណាត់តីរវីថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ ( ផ្លូវលេខ ១៣០ ) កែងតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់
វីថីឧកញ៉ាឈុន ( ផ្លូវលេខ២៥៤០ ) កែងតីវរវីថីព្រះស៊ីសុវត្ថិ
-បង្វែរទិសចរាចរកំណាត់មហាវិធីសម្ដេចសុធារស ចាប់ពីវិថីតេជោដំឌិន ( ផ្លូវលេខ១៥៤ ) កែងមហាវិធីសម្ដេចសុធារស
រហូតដល់ផ្លូវលេខ ១៧៨ កែងមហាវិថីសម្ដេចសុធារស
– បង្វែរទិសចរាចរកំណាត់តីរវីថីតេជោដំឌិន (ផ្លូវលេខ ១៥៤) ចាប់ពីតីរវីថីព្រះស៊ីសុវត្ថិ កែងវិថីតេជោដំឌិន រហូតដល់ផ្លូវលេខ ១៣ កែងវិថីតេជោដំឌិន
-បង្វែរទិសចរាចរកំណាត់ផ្លូវលេខ ១៣ ចាប់ពីវីថីតេជោដំឌិន (ផ្លូវលេខ ១៥៤ ) កែងផ្លូវលេខ ១៣ រហូតដល់ផ្លូវលេខ ១៧៨ កែងផ្លូវលេខ ១៣ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវតម្រាយផ្លូវខាងលើជ្រាប និងយោគយល់ ៕

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង