មាន សូនីតា ចែករំលែកជាមួយវីដេអូដ៏មានអត្ថន័យក្នុងថ្ងៃទី៩ ខែវិច្ឆិកា

រាជនីក្រមាកញ្ញា មាន សូនីតា បានចែករំលែកជាមួយវីដេអូមួយនៅលើបណ្ដាញសង្គមកាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) ។

តាមរយៈវីដេអូឆ្លងសម័យកាលពីឆ្នាំ២០២៤ ថតក្រោយទៅទសវត្សរ៍ ៦០ ព្រមទាំងជួបទិដ្ឋភាពផ្សេងៗនៃសម័យកាលនីមួយៗ ខណៈ មាន សូនីតា សម្ដែងបានយ៉ាងសម ហើយវីដេអូមួយនេះគឺពិតជាមានភាពទាក់ទាញខ្លាំងណាស់ និងបានធ្វើឱ្យបងប្អូនប្រជាជនខ្មែរឃើញហើយសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ព្រមទាំងបានចែករំលែកវីដេអូនោះជាបន្តបន្ទាប់ថែមទៀត ។

បើយោងតាមសំណេរទាំងស្រុងរបស់ កញ្ញា មាន សូនីតា បានរៀបរាប់ថា « ពេលវេលាគួរជាទីនឹករឭក និងដឹងគុណ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំឭកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវ ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣។ រយៈពេល ៧១ ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណើរវិវឌ្ឍន៍លើភាពជាម្ចាស់នៃជោគវាសនា និងអនាគតប្រទេសរបស់ខ្លួន រហូតយើងមានការរីកចម្រើនលូតលាស់បានដូចសព្វថ្ងៃ ហើយបន្តឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់»។

មាន សូនីតា បានបន្តទៀតថា នាងខ្ញុំ មាន សូនីតា រួមជាមួយកូនចៅជំនាន់ក្រោយ សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏មហាឧត្តុង្គឧត្តមថ្លៃថ្លា របស់អង្គព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារបាននូវឯករាជ្យជាតិខ្មែរ ខ្ញុំដឹង ខ្ញុំស្រលាញ់ ខ្ញុំចែករំលែក ខ្ញុំផ្សព្វផ្សាយ ៕

វីដេអូប្រភព ៖ Mean Sonyta

អត្ថបទដែលជាប់ទាក់ទង