តោះ! មកដឹងអំពីកម្មវិធីសំខាន់ៗទាំង ៨ ក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃស្អែកនេះ

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ជាវេទិការអាស៊ានសម្រាប់ជនពិការ លើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបើកជាផ្លូវការ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២៣ កន្លងទៅ ដែលមានអត្តពលិកបណ្ដាប្រទេសអាស៊ានទាំងអស់បានចូលរួចដូចគ្នានិងព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងនោះពួកគេបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ រយៈពេល ៥ថ្ងៃនេះ ដើម្បីយកដណ្តើមយកជ័យជំនះជូន ជាតិរៀងៗខ្លួន។

យ៉ាងណាមិញសម្រាប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ព្រឹត្តិការណ៍អាស៊ានហ្គេម នឹងធ្វើពិធីបិទជាផ្លូវការ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្រោមអធីបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវធ្វើពិធីប្រគល់សិទ្ធិរៀបចំទៅប្រទេសថៃ ដើម្បីរៀបចំបន្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ និងប៉ារ៉ាហ្គេមលលើកទី១៣ នៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

លោក នូ សុផេន ជាអ្នកសម្របសម្រួលក្រុមការងារជនពិការផ្នែកសិល្ប សម្រាប់ពិធីបិទខាងលើនេះបានឲ្យដឹងថា នៅថ្ងៃបិទស្អែកនេះ មានកម្មវិធីចំនួន ៨ ក្នុងនោះ កម្មវិធីទី១ “កម្ពុជាចែងចាំង” ទី២ “លប្បុក្កតោ” ទី៣ “ការដើរម៉ូដបង្ហាញស្លាកតំណាងប្រទេសទាំង ១១ ” ទី៤ “ក្បូនដង្ហែរយុវជនស្ម័គ្រចិត្ត” ទី៥ “ពន្លត់ភ្លើងជ័យ” ទី៦ “ពិធីផ្ទេរសិទ្ធិអាស៊ានប៉ារ៉ាហ្គេម ឲ្យទៅប្រទេសថៃក្នុងការធ្វើជាផ្ចាស់ផ្ទះលើកទី ១៣” ទី៧ “ផែនអនុស្សាវីយ៍នៅកម្ពុជា” និង ទី៨ “កម្ពុជាសូមអរគុណ” ។

អ្នកសម្របសម្រួលកម្មវិធីរូបនេះបានបន្តថា ចំពោះកម្មវិធីដែលត្រូវយកមកបង្ហាញនោះ គឺបានរៀបរួចរាល់អស់ហើយ ដោយអាស៊ានប៉ារ៉ាហ្គេមនេះ បានឆ្លុះបញ្ចាំងនិង សឲ្យឃើញអំពីការតស៊ូរបស់អត្តពលិកជនពិការដែលបាត់បង់អវៈជីវៈណាមួយនៅលើរាងកាយ ក៏មានឱកាសចូលរួម និងធ្វើឲ្យពួកគេមានក្តីរីករាយជាខ្លាំង ព្រមទាំងបានខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាព និងលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុដើម្បីកម្ពុជា។

លោក ហេង គន្ធា អនុប្រធាន សមាគមសំនៀងតន្រ្តីជិនពិការ បានសម្ដែងនូវអារម្មណ៍សប្បាយចិត្តក្រៃលែង ដោយជនពិការនៅទូទាំងអាស៊ីបានបង្ហាញនូវសមត្ថភាព និងបានឆ្លុះបញ្ចាំងឲ្យឃើញថា ជនពិការ ក៏មានសមត្ថភាពអាចធ្វើបានដូចមនុស្សទូទៅដែរ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

ចំណែកឯលោក ចាប តូ ប្រធាន សហគមសំនៀងតន្រ្តីជនពិការ ក៏បានសម្ដែងនូវសេចក្ដីរីករាយជាពន់ពេកផងដែរ ដែលបានប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីនេះ សម្រាប់បងប្អូនជនពិការនៅកម្ពុជានិង បងប្អូនជនពិការទាំង ១១ ប្រទេស ដើម្បីបង្ហាញឲ្យពិភពលោកបានយល់ និងដឹងកាន់តែច្បាស់អំពីបងប្អូនជនពិការទាំង ១១ ប្រទេសនៅអាស៊ាន៕

លោក ហេង គន្ធា ជាអនុប្រធាន សមាគមសំនៀងតន្រ្តីជនពិការ

លោក នូ សុភេន រូបថតនៅខាងមុខគេបង្អស់ ឈរកណ្តាល ពាក់អាវក្រៅ
លោក នូ សុភេន រូបថតនៅខាងមុខគេបង្អស់

អត្ថបទដែលជាប់ទាក់ទង