រំជួលចិត្ត ! ម៉ូ ថេ និយាយថាលទ្ធផលបែបណាក៏ពេញចិត្តទទួល ឲ្យតែបានច្រៀងបទនេះ
សិល្ប៖ ម៉ូ ថេ គឺជាបេក្ខជនមួយរូបដែលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ ដោយរូបគេធ្វើបានយ៉ាងល្អនៅក្នុងវគ្គនីមួយៗ តាមរយៈបទដែល ម៉ូ ថេ បានលើកយកមកចម្រៀងនោះ តែងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន និងពិសេសគឺហ្វេនៗរបស់ ម៉ូ ថេ ផ្ទាល់តែម្ដង ។
ពិតណាស់ ម៉ូ ថេ ត្រូវបានមហាជនជាច្រើនបានស្គាល់រូបគេខ្លះៗរួចមកហើយតាមរយៈបទ “ ចង់ប្រាប់ថា I Lover You ” និងបទ “ លួចស្រលាញ់អូន ”តាំងពីមុនចូលមកប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោកមួយនេះទៅទៀត ។
យ៉ាងណាមិញស្រាប់តែវគ្គ Live show សប្ដាហ៍ទី ៣ នេះ Coach ណុប បាយ៉ារិទ្ធ បានទម្លាយថា ម៉ូ ថេ បានបាត់លោកឪពុកតាំងពីវគ្គ The Battles ម្ល៉េះ ប៉ុន្តែលោកបានពិភាក្សា និងប្រាប់កុំឲ្យ ម៉ូ ថេ ព្យាយាមបង្ហោះអ្វីនៅលើ Facebook ច្រើនពេក ព្រោះក្លាចត្រូវមហាជនយល់ច្រឡំថា ម៉ូ ថេ ធ្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ឲ្យអាណិត និងបោះឆ្នោតឲ្យរូបគេ ។
ក្នុងនោះដែរ ម៉ូ ថេ ពិតជាបានធ្វើតាម Coach បាយ៉ារិទ្ធ មែន តាំងពីវគ្គ The Battles មក ដោយឡែកនៅវគ្គ Live show សប្ដាហ៍ទី ៣ នេះដែរ ម៉ូ ថេ ក៏បានសុំគ្រូបង្វឹករបស់ខ្លួនលើកយកបទ “ លោកឪពុក ” ដែលជាបទក្នុងដួងចិត្តយកមកច្រៀងដើម្បីផ្ញើជូនលោកឪពុក និងបានបញ្ជាក់ថាលទ្ធផលចេញមកបែបណាក៏រីករាយដែរ ឲ្យតែបានច្រៀងបទចម្រៀងមួយនេះ ៕