ក្មួយៗ បឋមសិក្សាចំនួន ៥សាលានេះ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង នឹងទទួលបានកាដូពិសេស សម្រាប់ថ្ងៃ១២ ខែ១២ខាងមុខ…!

បាត់ដំបង៖ ធ្វើបុណ្យទាន់មានសទ្ធា ធ្វើជាមួយគ្នាទាន់មានតម្រូវការ ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូស្អាតនៅបាត់ដំបងរួចមកហើយ ដែលតែងតែផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់ មានឈ្មោះ រិន ថារី មានគណនីហ្វេសប៊ុក ឈ្មោះ «OUN TE» និងទំព័រហ្វេសប៊ុកឈ្មោះ «អ្នកគ្រូ» ជាគ្រូកិច្ចសន្យាបង្រៀននៅសាលាបឋមសិក្សាពីងពង់ ស្ថិតនៅភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ អ្នកគ្រូតែងខំខ្នះខ្នែងស្វែងរកជំនួយសប្បុរសជនមកជួយសិស្សានុសិស្សក្នុងសាលាដែលគាត់បង្រៀន ដូចជាសម្ភារៈសិក្សា និងសមិទ្ធផលមួយចំនួន សម្រាប់ប្រើប្រាស់នៅក្នុងសាលា ដើម្បីជាប្រយោជន៍ដល់សិស្ស និងមិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយដល់ក្មេងៗ រៀននៅសាលាបឋមសិក្សាមួយចំនួនទៀតនៅក្នុងស្រុកបវេល ដើម្បីសម្រួលដល់ការចំណាយរបស់អាណាព្យាបាលសិស្ស ដែលមានជីវភាពខ្វះខាត និងរស់នៅទីដាច់ស្រយាលឆ្ងាយៗថែមទៀតផង។

តាមរយៈការខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់អ្នកគ្រូនាពេលកន្លងមក បណ្តាលឲ្យក្រុមហ៊ុន Media 365 Solutions និងដៃគូសហការ មានចំណាប់អារម្មណ៍នាំយកអំណោយ និងសម្ភារៈសិក្សាមួយចំនួន ទៅធ្វើកម្មវិធីសប្បុរសធម៌នៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ ចំនួន ៥សាលា រួមមាន៖ ទី១-សាលាបឋមសិក្សាពីងពង់ ស្ថិតនៅភូមិពីងពង់ ឃុំល្វា (ជាទីតាំងរៀបចំ) ទី២-សាលាបឋមសិក្សាបឹងច្រនៀង ស្ថិតនៅភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ទី៣-សាលាបឋមសិក្សាបឹងធុង ស្ថិតនៅភូមិបឹងធុង ឃុំបឹងប្រាំ ទី៤-សាលាបឋមសិក្សាបឹងបី ស្ថិតនៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ទី៥-សាលាបឋមសិក្សាបួរុន ស្ថិតនៅភូមិបួរុន ឃុំអំពិលប្រាំដើម ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះមានសិស្សានុសិស្សសរុបចំនួន ៧២១នាក់ (ថ្នាក់មត្តេយ្យ ២២នាក់) និងលោកគ្រូអ្នកគ្រូចំនួន ២៦នាក់។

យោងតាមស្ថានភាពសាលារៀននីមួយៗខាងលើនោះ ឃើញថា សាលាខ្លះបានកកើតតាំងឆ្នាំ១៩៧៩ មកម្ល៉េះ ហើយអគារសិក្សាខ្លះត្រូវបានចាស់ទ្រុឌទ្រោមខ្លាំង ក្នុងនោះសាលាបឋមសិក្សាពីងពង់មានវ័យចំណាស់ជាងគេ ដោយមានអាគារថ្មមួយខ្នង ៤ បន្ទាប់បានកសាងនៅឆ្នាំ២០០៧ ខណៈអគារឈើមួយខ្នងទៀតបានសាងសង់ដោយសហគមន៍ តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ហើយបច្ចុប្បន្ននេះ អគារនោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង តែដោយសារកំពុងខ្វះថ្នាក់រៀន ទើបគណគ្រប់គ្រងសាលានេះនៅរក្សាទីតាំងបង្រៀន១ថ្នាក់នៅក្រោមអគារចាស់នេះផងដែរ ដូច្នេះទើបយកទីតាំងសាលានេះជាទីតាំងកណ្តាលសម្រាប់កម្មវិធី។

លោកគ្រូ ប៉ាត់ ធឿន ដែលចូលបម្រើការនៅសាលានេះនៅឆ្នាំ២០០២ និងឡើងជានាយកនៅឆ្នាំ២០០៧ដល់សព្វថ្ងៃ បានរៀបរាប់ថា កំណើនសិស្សនៅសាលារបស់លោក បានកើនឡើងជាប្រចាំឆ្នាំ ហើយអគារសិក្សាថ្ម ដែលបានកសាងនៅឆ្នាំ២០០៧នោះ បានយកមួយបន្ទាប់ធ្វើជាទីចាត់ការ ដូច្នេះធ្វើឲ្យសាលាបឋមសិក្សាពីងពង់ ខ្វះថ្នាក់រៀន ទោះបែងចែកវេនព្រឹក និងរសៀលក៏អត់អស់ថ្នាក់ដែរ និងមួយវិញទៀត សាលារបស់លោកបានបើកថ្នាក់មត្តេយ្យបន្ថែមចំនួន ២ឆ្នាំទៀត ទើបបង្ខំចិត្តនៅប្រើប្រាស់អគារឈើចាស់នោះ ប៉ុន្តែពេលភ្លៀងខ្យល់ លោកមិនអនុញ្ញាតិឲ្យគ្រូបង្រៀនសិស្សក្រោមអគារនោះទេ ព្រោះខ្លាចគ្រោះថ្នាក់ដល់សិស្សនិងគ្រូ។

លោកនាយករូបនេះបានឲ្យដឹងដែរថា នៅក្នុងសាលាបឋមសិក្សាពីងពង់មានកូនសិស្សចំនួន ១៥៩នាក់ ក្នុងនោះមានសិស្សស្រីចំនួន ៧០នាក់ និងមានកូនសិស្សថ្នាក់មត្តេយ្យចំនួន ២២ នាក់បន្ថែមទៀត កំពុងសិក្សានៅក្នុងឆ្នាំ ២០២៣-២០២៤នេះ។ តម្រូវការចំពោះមុខក្នុងសាលារបស់លោក គឺត្រូវការបន្ទប់សិក្សាបន្ថែម បើតាមកំណើនសិស្សទៅថ្ងៃអនាគតលោកថា ចង់បានអគារសិក្សាបន្ថែមចំនួន ១ខ្នង និងមាន៥បន្ទប់កាន់តែល្អ ហើយបច្ចុប្បន្ននេះដោយសារតែកកើតថ្នាក់មត្តេយ្យទៀតនោះ លោកស្នើសុំមហាជនជួយជាសម្ភារៈផ្សេងៗដូចជាទោងក្មេងលេង កម្រាល សម្រាប់រៀបចំសួនកុមារ ដើម្បីទាក់ទាញក្មេងៗ ឲ្យចាប់អរម្មណ៍ចង់សិក្សារៀនសូត្រផងដែរ។

គួរបញ្ជាក់ថា ដោយមើលឃើញជាក់ស្តែងពីតម្រូវរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សាពីងពង់ និងសាលាបឋមសិក្សាចំនួន ៤ ផ្សេងទៀត ដែលស្ថិតនៅស្រុកបវេលជាមួយគ្នា កំពុងត្រូវការជំនួយ ជាពិសេសសម្ភារៈសិក្សា ដោយមានសិស្ស ៧២១នាក់ និងលោកគ្រូ ២៦នាក់ ទើបក្រុមហ៊ុន Media 365 Solutions ព្រមទាំងដៃគូសហការ គ្រោងចុះទៅធ្វើកម្មវិធីសប្បុរសធម៌នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមអមដំណើរពីក្រុមកីឡាករបាល់ទាត់ DIG FC ផងដែរ សម្រាប់កម្មវិធីសប្បុរសធម៌លើកទី១ទៅកាន់ទឹកដីបាត់ដំបងនេះ៕

អត្ថបទដែលជាប់ទាក់ទង