ពេជ្រ ចរណៃ បំផុសគំនិតការស្លៀកពាក់ឈុតល្បុក្កតោ ដើម្បីអបអរខួប២ឆ្នាំដែលល្បុក្កតោចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅថ្មីៗនេះកញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្ដែងនិងជាគ្រូគុនល្បុក្កតោ បានចេញមកបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបានបំផុសគំនិតឱ្យបងប្អូនជនរួមជាតិទាំងអស់ ចូលរួមស្លៀកពាក់ឈុតល្បុក្កតោខ្មែរ ដើម្បីចូលរួមអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាជួយក្នុងការផ្សព្វផ្សាយពីគុនល្បុក្កតោខ្មែរឱ្យកាន់តែទូលំទូលាយ ។
ក្នុងនោះកញ្ញា ពេជ្រ ចរណៃ បានអំពាវនាវដោយរៀបរាប់ថា «តស់យើងនាំគ្នាពាក់ឈុតល្បុក្កតោថតផ្សព្វផ្សាយ និងចូលរួមអបអរខួប២ឆ្នាំ ដែលក្បាច់គុនល្បុក្កតោចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ » ។
សូមបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្ដីពីការចុះក្បាច់គុនល្បុក្កតោខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ ។ ការសម្រេចនេះធ្វើនៅក្នុងកិច្ចប្រជុំលើកទី១៧នៃកិច្ចប្រជុំគណៈកម្មាធិការអន្ដររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូដែលប្រារព្ធឡើងនៅទីក្រុងរ៉ាបាត នៃប្រទេសម៉ារុក ៕