កូនល្អ! ឆាយ វីរ:យុទ្ធ ដកឃ្លាពីការងារ មកមើលថែម្ដាយឈឺនៅមន្ទីរពេទ្យ
កាលពីពេលថ្មីៗនេះតារាចម្រៀងសំឡេងស្រួយក្នុងផលិតកម្មសាន់ដេលោក ឆាយ វីរ:យុទ្ធ បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបនឹងទង្វើរបស់លោក ក្រោយតារាចម្រៀងរូបនេះបានបង្ហាញពីភាពកតញ្ញូចំពោះអ្នកម្ដាយជាទីស្រលាញ់ ដោយលោកសុខចិត្តទុកការងារសិល្បៈ និងជំនួញរបស់ខ្លួនដែលមមាញឹកមួយឡែកសិន ហើយងាកមកយកពេលមើលថែម្ដាយដែលកំពុងឈឺសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
តាមរយៈរូបភាពលោក ឆាយ វីរ:យុទ្ធ បានភ្ជាប់ជាមួយខ្លឹមសារថា «កាលពីកូននៅជំទង់ កូនឈឺ ម៉ែមិនហ៊ានដើរចោលទេ ទឹកភ្នែកម៉ែរាប់លានដំណក់ព្រោះស្រលាញ់កូន តែពេលនេះកូនក៏ដូចម៉ែដែរ ពេលម៉ែឈឺកូនក៏មើលថែម៉ែវិញម្ដង ធម្មជាតិសារជាតិជាមនុស្សវិន័យគុណធម៌និងភាពស្មោះត្រង់ ពាក្យទូន្មានប្រដៅទាំងនេះ ម៉ែបានបង្រៀនកូនគ្រប់ពេល ជូនពរម៉ែសុខភាពល្អ»។
យ៉ាងណាមិញតារាចម្រៀងរូបនេះ ក៏មិនបានបញ្ជាក់ឲ្យដឹងទេថា អ្នកម្ដាយរបស់លោកពេលនេះកំពុងមានជំងឺអ្វីនោះ
ខណៈមានមហាជនជាច្រើនបានសម្ដែងការព្រួយបារម្ភ និងជូនពរឱ្យអ្នកម្ដាយតារាចម្រៀងរូបនេះចាប់សះស្បើយ ហើយព្រមទាំងសរសើរចំពោះទង្វើរបស់លោក ឆាយ វីរ:យុទ្ធ ក្នុងនាមជាកូនប្រុសកតញ្ញូដឹងគុណចំពោះម្ដាយ៕