តារាចម្រៀងអ៊ាមវន្នីមិនដែលមានគំនុំអ្វីជាមួយពូចក់ទេតែការងារមួយនេះមិនសក្តិសមទទួលបានឡើយ

លោក អ៊ាម វន្នី អតីតបេក្ខជនកម្មវិធី Cambodian Idol រដូវកាលទី១ នៃស្ថានីយទូរទស្សន៍ហង្សមាស បានបង្ហាញអារម្មណ៍មិនគាំទ្រ ពូចក់ អ្នកអត្ថាធិប្បាយបាល់ទាត់ឯករាជ្យនៅកម្ពុជា ដែលទទួលបានការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំ និងគណកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំនេះ ធ្វើជាអ្នកអត្ថាធិប្បាយក្នុងព្រឹត្តិការណ៍ជាតិដ៏ធំនេះ។

តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មីរូបនេះបានលើកឡើងថា «ឃើញថា ហ្វេសប៊ុកផូសព្រោងព្រាតថាគាត់ ជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីកីឡាស៊ីហ្គេមខាងមុខ តែភាពច្បាស់ការ១០០% ខ្ញុំមិនទាន់ដឹងទេ។ បើសិន ជាការពិតខ្ញុំមិនគាំទ្រទេ ក្នុងនាមជាជនរួមជាតិម្នាក់ ខ្ញុំមិនដែលស្អប់ឬ មានបញ្ហាជាមួយគាត់ទេ ប៉ុន្តែអតីតភាពរបស់គាត់គឺ ពុំគួរទទួលបានឱកាសការងារនេះទេ ប្រទេសជិតខាងកំពុងតាមដានមើលយើងគ្រប់ជ្រុងជ្រោយ បើថ្លោះធ្លោយគឺ មានតែអាម៉ាស់ប៉ុណ្ណោះ កិត្តិយសជាតិជារឿងសំខាន់ ជាង២០ឆ្នាំទៀត ទើបមានឱកាសនេះម្តងទៀត»

លោកបន្ថែមថា «បើជាការពិត ខ្ញុំអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះ សិក្សាឡើងវិញ ដើម្បីជ្រើសអ្នកដែលសក្តិសមបំផុត ទាំងក្នុងដួងចិត្តមហាជន និង សមត្ថភាព និងភាពថ្លៃថ្នូរ»។ លោកអ៊ាម វន្នីបានលើកឡើងដូចនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ហើយពាក្យប៉ុន្មានឃ្លាខាងលើនេះ ក៏ធ្វើអោយពូចក់ ដែលជាម្ចាស់សាមីខ្លួនចេញមកឆ្លើយតបទាំងកណ្តាលយប់ផងដែរ ដោយទ្រាំអង្គុយអានខមិនមហាជនជាច្រើននៅលើការផុសរបស់កវីចម្រៀងវ័យក្មេងនេះមិនស្ងប់ឡើយ។

ពូចក់បានឆ្លើយទៅលោក អ៊ាម វន្នី ថា «សំណាងហើយជំនាន់ប្អូនប្រលង បងមិនបាន Vote អោយ បើ Vote អោយ បងស្ដាយង៉ា.ប់ហើយ! មានពេលបងសុំរៀនច្រៀងផង ព្រោះបងមិនសក្តិសមនឹងវិស័យបាល់ទាត់ទេ»។ វន្នីអត់គាំទ្រប៉ុណ្ណឹងហើយ ពូចក់នៅចង់សុំទៅរៀនច្រៀងទៀត ពិតជាកំពូលឌឺមែនពូចក់!

គួរបញ្ជាក់ដែរថា អែតមីនចីងចក់ នឹងអត្ថាធិប្បាយលើវិញ្ញាសារបាល់ទាត់ បាល់ទះ បាល់បោះ និងវិញ្ញាសារគុនខ្មែរ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ប៉ុន្តែក៏មានវិញ្ញាសារមួយចំនួនត្រូវបានចាប់ផ្តើមមុនថ្ងៃកំណត់ផងដែរ ជាក់ស្តែងវិញ្ញាសារបាល់ទាត់បុរស អាយុក្រោម ២២ឆ្នាំ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៩ ល្ងាចនេះ តើពូចក់ ជាអ្នកអត្ថាធិប្បាយឬយ៉ាងណានោះ ចូរតាមដានទស្សនាទាំងអស់គ្នា លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង