នេះហើយគឺជាលទ្ធផលដ៏អស្ចារ្យមិនធ្លាប់មានរបស់គ្រូបង្វឹក ពេជ្រ សោភា ដោយច្នៃ លឹម សេរីហាន់នីកា រហូតក្លាយជាម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់ The Voice រដូវកាលទី៣នេះ



សិល្ប៖
ពិតណាស់នៅរាត្រីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៣ នេះ កម្មវិធី The Voice Cambodia បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ព្រមទាំងបានរកឃើញបេក្ខភាពដែលមានសមត្ថភាព សំឡេងល្អ
និងមានប្រជាប្រិយភាពខ្លាំង នោះគឺបេក្ខនារី លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា ដោយនាងដណ្ដើមបានពាន The Voice នៅក្នុងរដូវកាលទី ៣ នេះ និងទទួលបានប្រាក់រង្វាន់ចំនួន ១០០ លានរៀល ព្រមទាំងបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសផងដែរ ។

ក្រោយ នីកា ទទួលបានពាន The Voice ហើយនោះ ក៏មានមតិមហាជនជាច្រើនបានលើកឡើងថា នីកា គឺពិតជាសំណាំងខ្លាំងដែលបានជួបជាមួយគ្រូបង្វឹកល្អ ដែលបានផ្ដល់ឱកាស ជួយជ្រុមជ្រែងព្រមទាំងជួយរកប្រជាប្រិយភាពឲ្យនាង និងបានបង្ហាត់បង្រៀននាងជាច្រើន នេះហើយគឺជាលទ្ធផលលត់ដំហ្វឹកហាត់របស់គ្រូបង្វឹក និងជាការតស៊ូព្យាយាមរបស់ នីកា ទើបសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យមួយនេះ ។

ក្រឡេកមកមើលអ្នកនាង ពេជ្រ សោភា ជាគ្រូបង្វឹកវិញក៏មិនដែលធ្លាប់មានកូនក្រុមរបស់ខ្លួនដណ្ដើមពាន នោះទេ កាលពីរដូវកាលមុនៗ ខណៈនៅក្នុងរដូវកាលទី ៣ នេះ អ្នកនាងក៏តែងតែបង្ហោះសារជារឿយៗថា មិនសង្ឃឹមថាកូនក្រុមរបស់ខ្លួនអាច នឹងដណ្ដើមបានពាននោះទេ ដោយគ្រាន់តែចង់ឲ្យកម្មវិធីចប់ឆាប់ៗ នឹងបានធ្វើបទចម្រៀងឲ្យកូនក្រុមរបស់អ្នកនាងច្រៀង ប៉ុន្តែគ្រប់យ៉ាងបានមកខុសពីការរំពើងទុក ដោយកូនក្រុមរបស់អ្នកនាងអាចដណ្ដើមបានពាន The Voice Cambodia រដូវកាលទី ៣ បានដែលធ្វើឲ្យអ្នកនាង ពេជ្រ សោភារំភើបខ្លាំងរហូតដល់ហូរទឹកភ្នែក ។

គួររំឮកផងដែរថា ម្ចាស់ពាន The Voice Cambodia រដូវកាលទី ៣ លឹម សេរីហាន់នីកា ធ្លាប់បានជាប់ក្នុងតារាង Best of The Voice ចំនួនពីសប្ដាហ៍ជាប់ៗគ្នា ដោយមិនធ្លាប់មានបេក្ខភាពរូបណាបានជាប់ពីមុនមកនោះទេ នេះក៏អាចបញ្ជាក់បានថា លឹម សេរីហានីកា គឺជាបេក្ខនារីដែលមានសមត្ថភាពពិតៗ និងពិតជាសក្កិសមជាម្ចាស់ពាននៅរដូវកាលទី ៣ នេះពិតមែន ។

 

អត្ថបទដែលជាប់ទាក់ទង