ក្រុមគ្រួសារ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចេញនូវលិខិតអំណះអំណាង និងបញ្ជាក់ ជុំវិញរឿងកូនឥតខាន់ស្លា ខណៈរឿងមួយនេះនៅតែមានការវែកញែក
សិល្ប៖ មហាជនពិតជាជ្រាបយ៉ាងស៊ីជម្រៅហើយជុំវិញរឿងរ៉ាវ ដែលមានបុគ្គលមួយចំនួនចេញមកអះអាងថា ខ្លួនគឺជាកូនឥតខាន់ស្លារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បើទោះបីជារឿងនោះបានកន្លងទៅរយៈពេលជាយូរក៏ដោយ ក៏បច្ចុប្បន្ននៅតែមានជាប្រធានបទមួយដែលមហាជនលើកយកមកវែកញែក ដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ក្រុមគ្រួសារ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទើបក្រុមគ្រួសារក៏បានសម្រេចចេញនូវលិខិតចំហមួយ ។
កាលពីថ្ងីទី ០៤ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ យោងតាមរយៈគណនី Facebook Sinn Sisamouth – ស៊ីន ស៊ីសាមុត បានបង្ហោះលិខិតប្រកាសមួយ ដែលមានការផ្ដិតមេដៃពីក្រុមគ្រួសាររបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ជុំវិញរឿងរ៉ាងដែលមានបុគ្គលមួយចំនួនចេញមកអះអាងថា ខ្លួនគឺជាកូនឥតខាន់ស្លារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបណ្ដាលឲ្យផ្ទុះការវែកញែកពេញបណ្ដាញសង្គម នាពេលកន្លងមក ។
តាមរយៈខ្លឹមសារនៅក្នុងលិខិតចំហនេះដែរ ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានឲ្យដឹងថា ” ការអះអាងទាំងនេះគឺពុំទាន់មានមូលដ្ឋានសំអាងប្រាកដប្រជានៅឡើយ មិនតែប៉ុណ្ណោះ ការអះអាង និងការជជែកវែកញែកខ្លះ បណ្ដាលឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរដ៏ឧត្តងឧត្តមរបស់ អធិរាជសំឡេងមាស ព្រមទាំងភរិយា និងក្រុមគ្រួសារ និងបានធ្វើឲ្យមានមតិចម្រូងចម្រាស់ និងខ្វែងគំនិតគ្នា រហូតដល់ប្រើពាក្យអសុរោះ និងខ្វះសីលធម៌ទៀតផង ៕