ឌី សូនីត្តា បញ្ជាក់ថានឹងធ្វើតាមផ្លូវច្បាប់ចំពោះអ្នកជិតខាងដែលគប់ដុំថ្មីដាក់កញ្ចក់ផ្ទះរបស់ខ្លួន
សិល្ប៖ កាលពីថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ឌី សូនីត្តា បានបង្ហោះរូបភាព និងវីដេអូ ព្រមទាំងភ្ជាប់មកជាមួយសារដោយបង្ហាញពីអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ចំពោះផ្ទះអ្នកជិតខាងដែលមានបញ្ហាជាមួយគ្នាបន្តិចបន្ទួច មិនព្រមចេញមកសម្រួលគ្នាទេ ប៉ុន្តែបែរយកដុំថ្មីគប់ដាក់កញ្ចក់ផ្ទះ និងប្រើពាក្យសម្ដីជេប្រមាថអ្នកនៅក្នុងផ្ទះទៅវិញ នេះជាទង្វើមួយដែលមិនសមរម្យទាល់តែសោះ ។
បើយោងតាមរយៈសាររបស់អ្នកនាង ឌី សូនីត្តា បានសរសេរនិងរៀបរាប់ថា ” បងប្អូនអើយ ទើបចេញពីការងារភ្លាម ទទួលបានរូបពីកូនចៅមកភ្លាម ស្លុតចិត្ត អ្នកជិតខាងសាហាវណាស់ គប់ដុំថ្មមកដល់ទៅ២ដុំ ប៉ះក្បាលជាង ហើយចេះហេងហើយមិនប៉ះក្មេងៗដែលជាកូនជាងសំណង់ គ្នាឡើងញ័រ ឡើងរន្ធត់រត់ចែកជើងគ្នា ។ វីដេអូជាក់ស្តែងនៅហ្នឹងកន្លែង មុននេះបន្តិចខ្ញុំផុសរូបសន្លឹក គេក៏បានចេញមុខមកហើយ សុទ្ធតែគម្រាមថានៅមានទៀត ឥឡូវមិនអីទេពេលថ្ងៃស្អែកខ្ញុំទៅខាងការិយាល័យសុំណាត់ជួបខាងគេម្តងទៀត សង្ឃឹមថាគេនឹងមកជួប មិនប្រកាន់ឫកដូចមុន សុទ្ធតែឲ្យយើងទៅដល់ផ្ទះគេបានគេជួប ។ ថ្ងៃច័ន្ទជួបគ្នាណាលោកធំ ” ។
ជាមួយគ្នានេះដែរអ្នកនាង ឌី សូនីត្តា ក៏បានឲ្យដឹងថាផ្ទះអ្នកជិតខាងរបស់អ្នកនាង ធ្លាប់មានបញ្ហាជាមួយគ្នាម្ដងរួចមកហើយ តាំងពីអ្នកនាងចូលមកនៅដំបូងៗម្ល៉េះ ។