ព្រោះខ្លាចបាត់បង់ទើប ពូឃ្លាំង ចេញមកបង្ហោះសារលើកស្ទួយពីទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ



សិល្ប៖
នៅពេលថ្មីៗនេះតារាចម្រៀង ពូឃ្លាំង បានចេញមកចែករំលែកសារ នៅលើគណនី Facebookរបស់លោក ដែលនិយាយលើកស្ទួយពីទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរព្រមទាំងភ្ជាប់ជាមួយសារថា «ព្រោះខ្លាចបាត់បង់
ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ទើបប្រឹងប្រែងផ្សព្វផ្សាយ ប្រកាស សុំឲ្យប្រជាជន ក្នុងនិងក្រៅជួយគាំពារសិល្បៈ ប្រកបដោយគំរូ មិនសម្តែង បែបបំពុល កំប្លែងអសីលធម៌។ ការរួមគ្នាជួយផ្សព្វផ្សាយ អភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរឲ្យជ្រួលជ្រាបដល់ស្រទាប់មហាជន ជ្រោតជ្រាបពីគុណតម្លៃវប្បធម៌ជាតិយើង គួរតែផុសចេញពីទឹកចិត្ត ស្មារតី មនសិកានៃពលរដ្ឋយើងម្នាក់ៗដើម្បីការពារថែរក្សា បណ្តុះបណ្តាល គាំពារទ្រទ្រង់ ពីមូលធនជន ឥស្សរជន នៃជាតិយើង កុំភ្លេចនាំគ្នា ជួយថែសិល្បៈដូនតា…..!!!!»។

ពិតណាស់ចំពោះសិល្បៈល្ខោនបាសាក់ខ្មែរ បច្ចុប្បន្ននេះមិនសូវមានទីផ្សារប៉ុន្មាននោះទេ ទើបជារឿយៗ លោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាជធានីភ្នំពេញវង់ទី១ លោកតែងតែលើកឡើង និងអំពាវនាវឲ្យប្រជាជនជួយគាំទ្រ ដើម្បីយល់ដឹងអំពីគុណតម្លៃវប្បធម៌ជាតិយើង ។

សង្ឃឹមថាបងប្អូនប្រជាជនកម្ពុជា នឹងងាកមកជួយគាំទ្រក៏ដូចជាថែរក្សាល្ខោនបាសាក់ខ្មែរឡើងវីញ ដោយអាចអញ្ជើញវង់ល្ខោនបាសាក់ណាមួយដែលបងប្អូនស្រលាញ់ចូលចិត្តឲ្យទៅចូលរួមសម្ដែងក្នុងកម្មវិធីបុណ្យផ្កា ឬបុណ្យផ្សេងៗដែលអាចឲ្យពួកគាត់សម្ដែងបាន ដើម្បីជួយស្ទួយ គាំទ្រ និងផ្សព្វផ្សាយឲ្យល្ខោនបាសាក់ខ្មែរមានទីផ្សារឡើងវិញ ៕​

គួររំឭកផងដែរថា កាលពីពេលកន្លងទៅក្រុមការងារ Media 365 Daily ក៏ធ្លាប់បានចុះទៅជួបធ្វើកិច្ចសម្ភាសដើម្បីជួយផ្សព្វផ្សាយពីល្ខោនបាសាក់ខ្មែរ ជាមួយលោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាជធានីភ្នំពេញវង់ទី១ នេះម្ដងរួចមកហើយដែរ ៕

អត្ថបទដែលជាប់ទាក់ទង