ម៉ា ច័ន្ទបញ្ញា បង្ហោះរូបភាពចាស់ៗ និងទម្លាយពីរឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ក្នុងវិស័យសិល្បៈរយៈពេលជិត ១០​ ឆ្នាំមកនេះ



សិល្ប៖
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាពចាស់ៗរបស់លោកចំនួន ៣ សន្លឹក និងទម្លាយពីជីវិតពិតដែលបានឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ ជាមួយនិងស្នាដៃមួយចំនួនដែលលោកបានខិតខំប្រឹងប្រែងត្រឹមឆ្នាំ២០១៨ មក និងមិនរាប់ចញ្ចូលសមិទ្ធិផលដែលបង្កើតក្នុងសម័យ Color Nine Team និង Thunn Jey នោះទេ ។

ក្នុងនោះលោកក៏បានភ្ជាប់មកជាមួយសារយ៉ាងវ៉ែងអន្លាយថា ” ជីវិតខុសគ្នាមែន​! ភាពឆ្លាតខុសគ្នា​ ទេពកោសល្យខុសគ្នា​ ឱកាសខុសគ្នា​ វាត្រូវហើយ​ មិនខុសទេ​ ប៉ុន្តែ១០ឆ្នាំមកនេះ​ សម្រាប់វិស័យសិល្បៈ​ ទីលានដែលពោរពេញទៅដោយ​ គ្រាប់រំសេវ​នៃការសម្ដែង​ (ទាំងលើឆាកក្រោយឆាក​ ជីវិតឯកជន)​ ខ្ញុំតែងតែផ្ដល់យោបល់​ទៅប្អូនៗជំនាន់ក្រោយថា​ ភាពជោគជ័យនៃវិស័យនេះ​ មិនឋិតឋេរទេ​ បើចូលទីនេះសម្រាប់តែលុយ​ សម្រាប់តែភាពល្បី​ មិនថា​ អ្នកខ្ពស់កប់ពពកប៉ុណ្ណា​អស្ចារ្យប៉ុណ្ណា​ ១ម៉ោងរកបាន ២០០០ ដុល្លាជាងប៉ុណ្ណាទេ​ តែដល់ពេលវាស្រុត​ គឺវានឹងស្រុតហើយ ” ។

លោកក៏បានបន្តទៀតថា ” កុំតម្កើងឬក​ កុំភ្លេចពេលអត់​ ពេលពិបាក​ ធ្វើអ្វីដែលត្រូវធ្វើ​ គោរពមនុស្សជុំវិញខ្លួន​ វាជាច្បាប់នៃការទំនាក់ទំនង​ ដែលជាធម្មតា​គឺអាចជម្នះបានគ្រប់កាលៈទេសៈ។​ ត្រូវចាំថា​ វិស័យនេះ​ សម្រាប់ប្រទេសយើង​ គឺវាស្រួលរកលុយ​ តែក៏មិនងាយស្រួលពេកដែរ​។ ខ្ញុំប្រឡូកមកជិត ១០ ឆ្នាំហើយ​ស្នាដៃ​ ការងារ​ សមរភូមិឆាកសម្ដែង​ ទោះ​មិនច្រើនដូចគេ​មែន​ តែសមល្មមម៉ាអាច​ ដឹកដៃអ្នកមានទេពកោសល្យម្នាក់ដល់កំពូល​បាន។ខ្ញុំធ្លាប់ស្រាវជ្រាវ​ ធ្លាប់ជួប​ សិល្បករជាន់ចាស់​ ថ្មី​ អ្នកធ្វើការមុខក្រោយ​ឆាកទាំងអស់។ ខ្ញុំនៅតែមើលឃើញពីភាពខ្មៅងងឹត​ នៃរបរនេះ​ដែលគ្រប់គ្នាយល់ថាជាឋាបសួគ៌។ ដូច្នេះហើយ​ សូមបងប្អូនទាំងអស់ត្រូវចាំថា​ ឥរិយាបថ​ ធ្វើការ​ គឺជារឿងសំខាន់សម្រាប់អនាគត​បើមិនចង់​ លើកដៃសូមជំនួយគេ​​ ពេលជួបបញ្ហា ” ។​

អត្ថបទដែលជាប់ទាក់ទង