ក្រោយស្ងាត់ពីសិល្បៈមួយរយៈ ពេលនេះ អាន គុណកូឡា រកបានទ្រនំថ្មីហើយ



សិល្ប៖
តារាចម្រៀងសំឡេងផ្អែម លោក អាន គុណកូឡា បានស្ងាត់ពីសិល្បៈមួយរយៈធំ ទើបតែនៅថ្មីៗនេះលេចឮដំណឹងថា លោក នឹងវិលចូលសិល្បៈវិញ ដោយត្រៀមបង្ហាញមុខនៅក្នុងផលិតកម្មដ៏ធំមួយនៅកម្ពុជាផងដែរ។

បើតាមសំណេររបស់លោកបានបង្ហោះនៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ លោក អាន គុណកូឡាបានបង្ហើបឲ្យដឹងថា លោករកបានទ្រនំ ថ្មីមួយហើយ ដើម្បី បន្តការងារជាអ្នកសិល្បៈ ដែលលោកស្រលាញ់មួយនេះ ព្រមទាំងភ្ជាប់មកជាមួយសារបានរៀបរាប់ថា «ខ្ញុំបាទ អាន គុណកូឡា សូមថ្លែងអំណរគុណដល់អគ្គនាយកក្រុមហ៊ុនផលិតកម្មសាន់ដេរ ដែលបានផ្តល់កិត្តិយស និងវត្តមានខ្ញុំបាទបានចូលក្នុងមហាគ្រួសារ សាន់ដេរ» អ្វីដែលកាន់តែពិសេសនោះគឺលោក អាន គុណកូឡា ក៏បានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា ស្រលាញ់អ្នកណាជ្រើសអ្នកនោះទៅ ភ្ជាប់ជាចំណងដៃដល់អ្នកគាំទ្ររបស់លោកថែមទៀតផង។

សូមរំឭកផងដែរថា តារា ចម្រៀង លោក អាន គុណកូឡា នៅមួយ យៈចុងក្រោយនេះហាក់ស្ងាត់ខ្លាំងពីអាជីពសិល្បៈ ដោយលោកបានបោះបង់ការងារសិល្បៈចោលស្ទើរតែទាំងស្រុង ប៉ុន្តែបន្ទាប់ពីទទួលបានដំណឹងលោកវិលចូលសិល្បៈវិញ បានធ្វើឲ្យអ្នកគាំទ្ររបស់លោករំភើប និងសម្ដែងនូវការស្វាគមន៍រង់ចាំការវិលចូលសិល្បៈវិញរបស់លោក ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង