ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងមានការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤
សិល្ប៖ នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៤ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោក ខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្រ្តជាតិឲ្យកាន់តែប្រើសើឡើងថែមទៀត ។
សម្រាប់ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ រៀបចំតាមវិធានដូចខាងក្រោម
១ -ប្រធានបទ : សេរី – រឿងទាំងមូលត្រូវមានលក្ខណៈសមស្រប
ក-អត្ថន័យ មាន៣ចំណុច ៖ សច្ចធម៌ សីលធម៌ និងគុណធម៌
ខ -អត្ថរូប មាន៣ ចំណុច ៖ វិធីតែង រចនាបថ និងសិល្ប៏សោភ័ណ
គ- អត្ថរស មាន ៣ ចំណុច ៖ បង្ហាញឲ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ
២ -លក្ខខណ្ឌ
-ខ្នាតក្រដាស៖ A4 (ចាប់ពី១៥ -៣០ ទំព៍រ )
– កុំព្យូទ័រ ៖(Font យូនីកូត Khmer OS Simreap ទំហំ ១២ )
-អក្ខរាវិរុទ្ធ ៖ យកតាមវចនានុក្រមខ្មែរ ( សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ) និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សារខ្មែរ
៣-ជ័យលោភី និងរង្វាន់កិត្តិយស ស្នាដៃតែងនិពន្ធដែលជាប់ជ័យលោភី និងរង្វាន់កិត្តិយសគឺ
-ជ័យលោភីលេខ ១ -៣ (ប្រលោមលោក ៣ រូប និងកំណាព្យរឿង ៣ រូប ) ៖ ទទួលបានពានរង្វាន់ ១ និងអមដោយទឹកប្រាក់
-រង្វាន់កិត្តិយសលេខ ៤-៥ ( ប្រលោមលោក ២ រូប និងកំណាព្យរឿង ២ រូប ) ៖ ទទួលបានបណ្ណសរសើរ ១ និង អមដោយទឹកប្រាក់ ។
គួរបញ្ជាក់ថា សម្រាប់ការទទួលស្នាដៃគឺចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅ និងឈប់ទទួលស្នាដៃ នៅថ្ងៃទី ៣១ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០ជាកំហិត៕
ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: