ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ

ការជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឲ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន ២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗ ឲ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។

ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត នេះមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឲ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឲ្យគ្រឹះខ្សោយ និងស្រុតក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឲ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឲ្យបានល្អ ដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឲ្យកាន់តែមានជម្រើសច្រើនផង៕

ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អត្ថបទដែលជាប់ទាក់ទង