ផេក «វប្បធម៌ខ្មែរ» បញ្ជាក់ច្បាស់ៗថា របាំក្បាច់បុរាណខ្មែរមាន ៤៥០០ ក្បាច់ មិនមែន១០៨ក្បាច់ដូចអ្នកបារមីជជុះបានលើកឡើងឡើយ !
កាលពីពេលថ្មីៗកន្លងទៅ មានស្រ្តីដែលជាអ្នកលក់អនឡាញម្នាក់បានតុបតែងខ្លួនក្នុងឈុតអប្សារ ហើយបានអះអាងថាខ្លួនជាអង្គស្នងរូប ព្រះនាង ឥន្ទ្រទេវី ដែលជាស្រ្តីខ្មែរក្នុងប្រវិត្តសាស្រ្តសម័យមហានគរ ថែមទាំងបានបញ្ជាក់ថា របាំក្បាច់បុរាណមានចំនួន ១០៨ ក្បាច់ទៅតាមផ្លូវក្នុងរបស់ខ្លួនដែលបានដឹង ។
បន្ទាប់ពីការលើកឡើងរបស់ស្រ្តីដែលជាអ្នកលក់អនឡាញ បានតាំងខ្លួនជាអ្នកមានបារមី ព្រះនាង ឥន្ទ្រទេវី អង្គស្នងរូប ថា ១០៨ ក្បាច់ដែល ព្រះនាងជំនាញច្បាស់នោះ ស្រាប់តែនៅយប់ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៤ ក៏បានឃើញផេក «វប្បធម៌ខ្មែរ» បានចេញមកបំភ្លឺ និងបញ្ជាក់ច្បាស់ៗថា របាំក្បាច់បុរាណខ្មែរមាន ៤៥០០ ក្បាច់ មិនមែន ១០៨ក្បាច់ដូចអ្នកបារមីស្នងរូបលើកឡើងឡើយ ។
បើយោងតាមរយៈការបង្ហោះសាររបស់ផេក «វប្បធម៌ខ្មែរ» បានរៀបរាប់ថា ៖ គោរពជូនមហាជនខ្មែរទាំងអស់គ្នាថា «ក្បាច់បាតមូលដ្ឋានគ្រឹះ នៃរបាំព្រះរាជទ្រព្យ(របាំក្បាច់បុរាណខ្មែរ)មានរហូតទៅដល់៤៥០០ក្បាច់» មិនមែន១០៨ក្បាច់ដូចអ្នកបារមីជជុះបានលើកឡើងឡើយ ! ក្បាច់បាតមូលដ្ឋានគ្រឹះ នៃរបាំព្រះរាជទ្រព្យ ឬយើងតែងតែហៅថាក្បាច់បាតឆា-បញ្ចុះ ក្បាច់បាតមូលដ្ឋានគ្រឹះនេះមានវែងនិងមានខ្លី បើគេហាត់ឆាបញ្ជុះវែងអាចដល់៤០នាទី បើខ្លីអាច៨នាទីឬ១០នាទី ។ ក្បាច់បាតមូលដ្ឋានគ្រឹះ(ឆា-បញ្ចុះ)គឺប្រៀបបានដូចជាការបង្រៀនក្មេងឲ្យចេះអក្សរ ក ខ ដូច្នេះដែរ! នាដកាគ្រប់រូប ដែលអាចចេញសម្ដែងបានលុះត្រាតែបានឆ្លងកាត់ក្នុងការហាត់ពត់លត់ដំតាំងពីកុមារ នូវក្បាច់បាតឆា-បញ្ចុះនេះឲ្យស្ទាត់ជាមុនសិន ទើបអាចហាត់ របាំតូចៗជាមុន និងរបាំធំៗឬរឿង និងចាប់យកឫកជាក្រោយភ្លេងឆា គឺសំដៅទៅលើ ភ្លេងយឺត និងភ្លេងបញ្ជុះ គឺសំដៅទៅលើ ភ្លេងលឿន ភ្លេងនិងក្បាច់ទាំងអស់ក្នុងក្បាច់បាត មានលាតសន្ធឹងក្នុងរបាំតូច ធំនិងរឿង ទាំងអស់ក្នុងទម្រង់សិល្បៈល្ខោនព្រះរាជទ្រព្យ ។ ដូច្នេះហើយនាដកាទាំងផ្នែក នាង នាយរោង យក្ស ស្វា ត្រូវតែចេះក្បាច់បាតនេះជាកំហិត ។ ក្បាច់បាតមូលដ្ឋានគ្រឹះមានរហូតដល់៤៥០០ក្បាច់ មិនមែនមានត្រឹម១០៨ក្បាច់តាមការស្រមើស្រម៉ៃ ដូចបារមីជជុះបានលើកឡើងឡើយខ្ញុំសូមធ្វើការបដិសេធទាំងស្រុង៕