មានតែមួយលើលោកក្នុងការច្នៃផ្លែដូងចេញទៅជាត្រីក្នុងសមុទ្រ
វិចិត្រករម្នាក់ឈ្មោះ កៅ ជាជនជាតិខ្មែរ មានទីលំនៅស្ថិតក្នុងខេត្ត កំពត មានអាយុប្រមាណជាង៥០ឆ្នាំ មិនតែប៉ុណ្ណោះលោកក៏បានដុះនូវគំនិតក្នុងការច្នៃផ្លែដូងឲ្យចេញទៅជារូបរាងសត្វត្រីដ៏ស្រស់ស្អាត ហើយក៏មានកុងត្រាលក់ទៅឲ្យជនជាតិអូស្ត្រាលីអស់រយៈពេលបីឆ្នាំរួចមកហើយ លើសពីនេះទៅទៀតការប្រកបរបធ្វើផ្លែដូងឲ្យចេញជារូបសត្វត្រីនេះ គឺលោកបានបន្តធ្វើអស់រយៈពេល១០ឆ្នាំគិតមកដល់បច្ចុប្បន្ន។
មូលហេតុដំបូងដែលលោកបង្កើតគំនិតមួយនេះឡើងគឺលោកជាអ្នកដែលមានចំណង់ចំណូលចិត្តចាប់អារម្មណ៍មើលត្រីក្នុងបាតសមុទ្រតាមវិធីផ្សេងៗដូចជា តាមទូរទស្សន៍ ទូរស័ព្ទ និងបណ្តាញសង្គមផ្សេងៗទៀតផង។ ហើយពេលលោកបានជួលឲ្យគេបេះផ្លែដូងលោកក៏បានឃើញនូវរូបរាងផ្លែដូងទាំងនោះស្រដៀងទៅនឹងសត្វត្រីដែលជាហេតុបណ្តាលឲ្យទេពកោសល្យជាសិល្បៈករផុសចេញជាគំនិតក្នុងការច្នៃប្រឌិតនេះឡើង ទោះបីជាលោកមិនបានទទួលការសិក្សាក្នុងផ្នែកសិល្បៈអំពីជំនាញផ្នែកគំនូរក៏ដោយតែបទពិសោធន៍ជាច្រើនឆ្នាំក្នុងនាមជាសិល្បៈករគំនូរក៏បានផុសចេញនូវការច្នៃផ្លែដូងធម្មតាឲ្យទៅជារូបរាងសត្វត្រីដ៏ស្រស់ស្អាតរួចហើយលោកក៏បានលាបពណ៌ ព្រមទាំងបានច្នៃធាងដូងឲ្យចេញទៅជាព្រុយសត្វត្រីជាចុងក្រោយក៏បិតបញ្ចូលចូលគ្នារួចក៏បង្កើតបាននូវត្រីដ៏ស្រស់ស្អាត។
តាមការបញ្ជាក់របស់ម្ចាស់អាជីវកម្មបានឲ្យដឹងថារូបសត្វត្រីដែលច្នៃចេញពីផ្លែដូងនេះក្នុងមួយក្បាលតម្លៃប្រហែលជា១០ដុល្លារហើយរយៈពេលធ្វើវិញគឺប្រមាណជា១០នាទីក្នុងមួយក្បាល ជាងនេះទៅទៀតត្រីទាំងអស់គឺលោកជាអ្នកធ្វើដោយដៃខ្លួនឯងផ្ទាល់ ដែលទីតាំងលក់របស់លោកគឺស្ថិតនៅក្នុងខេត្តកំពត៕