សូមសរសើរបងប្រុសម្នាក់នេះ! ជាជនជាតិខ្មែរទី១ ដែលជិះម៉ូតូម្នាក់ឯងទៅដល់ប្រទេសសឹង្ហបុរី តែមិនសូវល្បីដូចចែដែលថតនៅផ្លូវល្បឿនលឿននោះទេ (មានវីដេអូ)

ថ្មីៗនេះ មានបុរសជនជាតិខ្មែរម្នាក់ បានជិះម៉ូតូទៅដល់ប្រទេសសឹង្ហបុរី ដោយឆ្លងកាត់តាមច្រកព្រំដែនខេត្តបៃលិន ចូលទៅដឹកដីថៃ និងចេញពីប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ី និងឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី ហើយបច្ចុប្បន្ននេះកំពុងធ្វើដំណើរមកដល់ប៉ែកខាងជើងនៃប្រទេសម៉ាឡេស៊ីវិញហើយ ខណៈលោកបានចេញដំណើរពីភ្នំពេញទៅ កាលពីថ្ងៃទី២៤ ក្រោយបោះឆ្នោតរួច ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។

តាមរយៈការផ្តល់បទសម្ភាសជាមួយ Media 365 Daily លោក វ៉ាន់ ហ្សាកូលីន បានឲ្យដឹងថា រយៈពេល ១៣ថ្ងៃនេះ លោកបានទៅដល់ទៅដល់គោលដៅរួចហើយ គឺប្រទេសសឹង្ហបុរី និងបានឆ្លងកាត់កន្លែងសំខាន់ៗដូចជាពីខ្មែរទៅ គោលដៅភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ចូលបាត់ដំបង ខេត្តបៃលិន និងចូលទឹកដីថៃ កាត់តាម រ៉ាយ៉ង បាតាយា ក្រុងបាងកក សារ៉ាត់ស្ថានី ហាត់យៃ និងម៉ាឡេស៊ីកាត់ប៉េណាង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី ឥឡូវនេះកំពុងមកដល់ប៉ែកខាងជើងនៃប្រទេសម៉ាឡេស៊ីវិញហើយ ដោយមានរយៈចម្ងាយជាង ៧ពាន់គីឡូមែត្រ បើតាមការប៉ាន់ស្មានទៅមកពីភ្នំពេញទៅ និងលោកបានធ្វើដំណើរជាង ៤ពាន់គីឡូរួចហើយផងដែរ។

តាមរយៈបទសម្ភាសផ្តាច់មុខតាមប្រព័ន្ធឌីជីថលជាមួយ Media 365 Daily នេះដែរ លោក ហ្សាកូលីន បានបញ្ជាក់ថា តាមគម្រោងរបស់លោកផ្ទាល់ គឺមានរយៈពេល៣០ថ្ងៃ និងត្រូវចំណាយ ៤០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែជាក់ស្តែងការចំណាយអាចលើសពីការគ្រោងទុកមួយនេះ ហើយចំពោះថវិកា គឺមានការចូលរួមពីខ្លួនលោកផ្ទាល់ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួន បានចូលរួមគាំទ្រឲ្យមានសកម្មភាពនេះឡើង ហើយគោលបំណងដ៏ធំបំផុតនៃបេសកកម្មនេះ គឺដើម្បីក្លាយជាបុរសខ្មែរទី១ ដែលជិះម៉ូតូទៅដល់ប្រទេសសឹង្ហាបុរី ហើយសកម្មភាពទាំងអស់របស់លោកក៏បានផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ Frost ZK MotoVlog ផងដែរ ប៉ុន្តែហាក់មិនទទួលបានការគាំទ្រច្រើននោះទេ។

យ៉ាងណាមិញ នៅលើផេករបស់លោកនោះ បានឃើញសារមួយបង្ហោះថា «ចាំទៅដល់ខ្មែរវិញចាំជិះទៅឈប់ថតលើផ្លូវល្បឿនលឿន ក្រែងមានគេចាប់អារម្មណ៍ជាងជិះពីភ្នំពេញមកសឹង្ហបូរីម្នាក់ឯង…» ការបញ្ចេញអារម្មណ៍បែបនេះ ហាក់បង្ហាញអារម្មណ៍ផ្លែផ្កាដាក់ លោកស្រី ទ្រី ដាណា ដែលទៅថតលើផ្លូវល្បឿនលឿនកាលពីថ្ងៃមុននោះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង