គណៈគ្រប់គ្រងវិទ្យាល័យ ព្រះសីហនុ បានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធជាមួយក្រុម Hashtag band ចំនួន៣ចំណុចនេះ
ដូចដែលមហាជនបានជ្រាបខ្លះៗរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននៅលើបណ្ដាញសង្គម Feabook មានការវែកញែកទៅលើវិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុងខេត្ត កំពង់ចាម និងក្រុម Hashtag band ជុំវិញការបង្ហោះសារ និងវីដេអូអាក់អន់ចិត្ត បន្ទាប់ពីក្រុមចម្រៀងពួកគេបានចូលរួមច្រៀងក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីរបស់ វិទ្យាល័យ ព្រះសីហនុ ប៉ុន្តែក៏ត្រូវបានផ្អាកនៅពាក់កណ្ដាលទី ព្រោះខាងគណៈអ្នកគ្រប់គ្រងនៃកម្មវិធីបានស្នើឲ្យបញ្ឈប់ការច្រៀង ដើម្បីចាក់ធុងបាសឲ្យសិស្សរាំវិញ ។
ជុំវិញការបង្ហោះពីបញ្ហាដែលក្រុម Hashtag band បានរៀបរាប់នោះ បានធ្វើឲ្យអ្នកលេងនៅលើបណ្ដាញសង្គម ក៏ដូចជាមិត្តនៅក្នុងសិល្បៈ បានសម្ដែងនូវការហួសចិត្ត និងប្រតិកម្មខ្លាំងៗទៅលើវិទ្យាល័យ ព្រះសីហនុ ផងដេរ ។
ក្រោយរងនូវការរិះគន់ជាច្រើនពីបណ្ដាញសង្គម Faecbook ហើយនោះ គណៈគ្រប់គ្រងរបស់វិទ្យាល័យ ព្រះសីហនុ ក៏បានសេចក្ដីបភ្លឺច្បាស់ៗចំនួន ៣ ចំណុច ៖
១. មិនបានជួល ឬអញ្ជើញពួកគាត់មកចូលរួមសម្ដែងនោះទេ ហើយពួកគាត់ក៏មិនបានមកសុំការអនុញ្ញាតសម្ដែងពីគណៈគ្រប់គ្រងសាលាផ្ទាល់ដែរ ។
២.ដោយសេចក្ដីស្រលាញ់សិល្បៈ និងការយោគយល់ គណៈគ្រប់គ្រងសាលាក៏មិនបានឃាត់ឃាំង ពួកគាត់សម្ដែងនោះទេ ទាំងដែលពួកគាត់មិនបានឲ្យតម្លៃមកលើគណៈគ្រប់គ្រងសាលាបន្តិចសោះ ។
៣.អំឡុងពេលដែលពួកគាត់កំពុងសម្ដែងខ្ញុំបាទក្នុងនាមនាយកសាលាបានព្យាយាមសំណូមពរ ជាមួយក្រុមការងាររបស់ Hashtag band ស្ងាត់ៗនៅខាងក្រោមឆាកពីរដងរួចមកហើយ ដោយសុំឲ្យពួកគាត់ធ្វើការសម្ដែងតែ៣បទបានហើយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕