ខឹងមេឃក្ដៅពេកមិនដែលភ្លៀង ស្រាប់តែ ពាក់មី បង្ហោះសារប៉ុន្មានម៉ាត់នេះទៅកាន់ វណ្ណដា ធ្វើឲ្យអ្នកគាំទ្រឯកភាពគ្រប់គ្នា
ពិតណាស់អាកាសធាតុនៅកម្ពុជាមួយរយៈនេះ ហាក់ឡើងកម្ដៅកាន់តែខ្លាំងរហូតដល់ថ្ងៃខ្លះកម្ដៅកើនឡើងរហូតដល់ ៤០ អង្សា ដែលឲ្យបងប្អូនប្រជាពលរដ្ឋបានររអ៊ូរទាំ និងបន់សុំឲ្យមេឃមានភ្លៀងធ្លាក់ ព្រោះរាល់ថ្ងៃអាកាសធាតុក្ដៅខ្លាំងពេក ដែលបណ្ដាលធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សចាស់ និងកូនក្មេងតូចៗ ព្រមទាំងពិបាកក្នុងការ ធ្វើដំណើរដោយកង់ និងម៉ូតូថែមទៀតផង ។
ស្រាប់តែនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បង្ហោះសារមួយ ដែលបានទាកទាញចំណាប់អារម្មណ៍ពីមហាជន និងអ្នកគាំទ្រជាច្រើនឲ្យចូលទៅបញ្ចេញមតិបែបលេងជាសើចនៅក្នុងសារដែលលោកបានបង្ហោះ នៅក្នុងខ្លឹមសារនោះដែរលោកបានរៀបរាប់ថា «តាំងពី វណ្ណដា ច្រៀងបទ ( ពេលដែលមេឃបើកថ្ងៃ ) មកមានអារម្មណ៍ថា មេឃបើកថ្ងៃរហូត មិនសូវមានពពកសោះ ចង់ឲ្យ វណ្ណដា ចេញបទ ( មេឃបាំងពពកឬ ពេលមេឃស្រទុំវិញម្តង»។
ក្នុងនោះដែរ ក៏មានអ្នកគាំទ្ររបស់កំប្លែងរូបនេះបានចូលទៅ Comment បែបលេងសើចជាមួយ idol របស់ខ្លួន ដោយលើកឡើងស្រដៀងគ្នាថា ឯកភាព និងគាំទ្រតាមអ្វី នាយពាក់មី បានលើកឡើងដោយចង់ឲ្យ វណ្ណដា ចេញបទចម្រៀងថ្មីដែលដាក់ចំណងជើងថា ( មេឃបាំងពពកឬ ពេលមេឃស្រទុំវិញម្តង)ក្រែងឡូមេឃអាចស្រទុំ ហើយមានភ្លៀងធ្លាក់ ដើម្បីឲ្យអាកាសធាតុត្រជាងពេលបច្ចុប្បន្ននេះ ។
គួរបញ្ជាក់ផងដែរថា បទ ( មេឃបើកថ្ងៃ ) នេះគឺជាការច្រៀងរួមគ្នារបស់តារាចម្រៀងរ៉េប វណ្ណដា ជាមួយ KWAN តាមរយៈបទចម្រៀងមួយបទនេះគឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេស Fan Fan ក៏កំពុងរង់ចាំមើល Idol ទាំងពីរចេញបទចម្រៀងថ្មីដែលជាច្រៀងរួមគ្នាម្ដងទៀត ជាមួយបទភ្លេងថ្មី និងអត្ថន័យរសជាតិបែបថ្មីផងដែរ ៕