ឆន សុវណ្ណារាជ រងការរិះគន់យ៉ាងចាស់ដៃពីមហាជនក្រោយចេញបទ ធម្មជាតិស្ងៀមឈឹងបែប Remix
កាលពីពេលថ្មីៗនេះ តារាចម្រៀងដែលជ្រកក្នុងផលិតកម្មហង្សមាសលោក ឆន សុវណ្ណារាជ បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា ធម្មជាតិស្ងៀមឈឹង ទម្រង់បែប Remix ដែលបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ព្រោះមិនពេញចិត្តនូវបទចម្រៀងដែលលោកបានច្រៀងនេះទេ រហូតដល់ថ្នាក់ប្រើពាក្យសំដីមិនសមរម្យជាច្រើនទៅកាន់លោកថែមទៀត ។
ក្នុងនោះក៏មានអ្នកចូលទៅបញ្ចេញមតិមិនពេញចិត្តជាច្រើន ដោយមានគណនីមួយបានលើកឡើងថា «ពូមួយនោះនៅជិះផ្ទះខ្ញុំពិការ២០ឆ្នាំជាងដើរអត់រួច ឥឡូវគាត់ស្ដាប់បទនេះហើយ គាត់ក៏បានដើររួចរវិញដោយសារតែព្យាយាមងើបពីរទះ ដើរមកចុចបិទបទចម្រៀងមួយបទនេះ វីឯម្ចាស់គណនីផ្សេងៗទៀតក៏បានលើកឡើងថា ច្រៀងបានហើយ មិនចាំបាច់រ៉េបទេ អរគុណ , សុំស្ដាប់តែចម្រៀងបានហើយអត់ចង់ឃើញMVទេ , ពូដាក់កាស់ហើយ ស្តាប់ខ្លួនឯងយល់យ៉ាងមិចដែរពូ? ពូ ពិរោះខ្លាំង? Remixមិនចំ Remix ដូចបទវ៉ៃឡើងបែកថ្នាំ មិចទេពូ…. នរណាអ្នកតែងឲ្យពូច្រៀងចឹង? សូមស្តាប់មតិរិះគន់គេផងពូអើយពូ , បើយកបទចាស់អស់ហ្នឹងមក cover ថ្មីប្រហែលជាពិរោះជាងហ្នឹងពូ? ប្រជាប្រិយត្រូវធ្លាក់ចុះពីពេលនេះតទៅ goodbye ពូ» ។
ក្រោយរងការរិះគន់ពីមហាជនយ៉ាងស្ពឹកមុខហើយនោះ ស្រាប់តែនៅទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:២៧នាទី តារាចម្រៀងរូបនេះបានចេញមកបង្ហោះសារដោយរៀបថា អរគុណ I love you ដៀល ជេរ ប្រមាថ គ្រប់បែបយ៉ាង មកលើអ្នកសិល្បៈ ទទួលបានគ្រប់យ៉ាងទាំងអស់ មិនខឹង មិនសំបារ អ្វីទាំងអស់ ព្រោះពួកខ្ញុំជាមនុស្សរបស់បងប្អូនទាំងអស់គ្នា ជាមនុស្សរបស់មហាជន គ្មានសិទ្ធិតវ៉ាអ្វីទាំងអស់ សុំទោសដែលបទខ្លះចេញទៅ ធ្វើឲ្យបងប្អូនមិនសប្បាយចិត្ត តែក៏រីករាយបទខ្លះធ្វើឲ្យបងប្អូនពេញចិត្ត ព្រោះយើងខ្ញុំដូចអ្នកទីផ្សារអ៊ីចឹង នំណាលក់ដាច់ធ្វើនំហ្នឹងលក់ហើយ បើមិនចឹងតាមមិនទាន់ទេយើងឈាមជ័រតែមួយទេខ្មែរ ស្រលាញ់ខ្មែរ អ្នកសិល្បះអត់បានដុតផ្ទះ សំលាប់មនុស្សទេ គ្រាន់តែពេលខ្លះ ចេញបទខុសអារម្មណ៍ និងការពេញចិត្តរបស់បងប្អូនហ្វេនៗតែប៉ុណ្ណោះ ៕