ទីបំផុត ! ដល់ថ្ងៃចូលរោងជ័យរបស់ ជា សុជាតិ ជាមួយ Manager រូបស្រស់ហើយ
ក្រោយទម្លាយរូបថតនៃពិធីភ្ជាប់ពាក្យនៅលើបណ្តាញសង្គម Facebook កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ពេលនេះដល់ពេលដែលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរលោក ជា សុជាតិ ដឹកដៃគូដណ្ដឹង កញ្ញា រឹម លក្ម្សី ចូលរោងជ័យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរហើយ នេះបើយោងតាមការបង្ហោះសារឲ្យដឹងពីគណនី Facebook Rim Laksmey ដោយបានរៀបថា «ចាប់ផ្តើមពីអ្នកគាំទ្រ បន្ទាប់មកក្លាយ Manager រួចក៏ក្លាយជាគូរដណ្តឹង បន្តិចទៀតក៏ក្លាយជាប្រពន្ធបង ជួបគ្នាថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០២៤២០២៤»។
ក្រឡេកមកតារាចម្រៀងលោក ជា សុជាតិ វិញក៏បានបង្ហោះរូប Pre-wedding ជាច្រើនសន្លឹកភ្ជាប់ជាមួយ caption ទម្លាយពីអារម្មណ៍របស់ខ្លួនដែលមានចំពោះគូដណ្ដឹងយ៉ាងផ្អែមល្ហែមថា «បងធ្លាប់ប្រាប់អូនហើយថា បងស្រលាញ់អូន ព្រោះអូនជាមនុស្សមានចិត្តល្អ បងមិនទាមទារអ្វីផ្សេងទៀតទេ គ្រាន់តែចង់ឲ្យអូនធ្វើជាខ្លួនឯងបែបនេះរហូតទៅ គឺគ្រប់គ្រាន់ហើយសម្រាប់បង» ។
តាមរយៈការបង្ហោះរូប Pre-wedding និងសាររបស់អនាគតគូស្វាមីភរិយាមួយគូនេះ ត្រូវបានមិត្តនៅក្នុងសិល្បៈ និងអ្នកគាំទ្រជាច្រើនបានអប់អរសាទរ និងជូនពរឲ្យអ្នកទាំងពីរមានសុភមង្គលថែមទៀតផង៕