Santa រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ក្រោយបញ្ចេញស្ទាយថតរូបមិនសមរម្យជាមួយសេះសមុទ្រខេត្តកំពត
ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនឲ្យទៅលេងកម្សាន្ត បន្ទាប់ពីមានរូបសំណាក់សេះសមុទ្របាញ់ទឹកនៅជាប់មាត់ព្រែក ដោយភ្ញៀវទេសចរណ៍ទាំងនោះបានទៅថតរូបជាមួយសេះសមុទ្រ ដែលមានស្ទាយថតរូបថ្មីៗប្លែកៗជារៀងរាល់ថ្ងៃ ហើយយកមកចែករំលែកនៅលើបណ្ដាញសង្គមរបស់ពួកគេ ។
ខណៈនៅថ្មីៗនេះ Santa ដែលជាអ្នកផលិតមាតិកាមួយរូបបានទៅលេងកម្សាន្តនៅខេត្តកំពត និងបានថតរូបជាមួយសេះសមុទ្រ ដោយប្រើស្ទាយថតរូបមិនសមរម្យ បង្ហោះនៅលើបណ្ដាញសង្គមតាមរយៈការ Add Story ដែលធ្វើឲ្យមហាជនឃើញហើយ បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ជាមួយរូបភាពមួយសន្លឹកនេះរបស់ Santa ក្នុងនោះក៏មានការឡើងពីអ្នកលេងនៅលើបណ្ដាញសង្គមថា «លេងសើចថោកទាបជ្រុលពេកហើយ នេះជាកន្លែងទេសចរណ៍ គួរតែបញ្ចេញសកម្មភាពឲ្យសមរម្យ បើនៅសិង្ហបុរីជាប់គុកហើយ ព្រោះធ្វើសកម្មភាពមើលងាយរូបតំណាងប្រទេសគេ» និងមានFan fan ដែលជាអ្នកគាំទ្ររបស់អ្នកផលិតមាតិការូបនេះក៏បានចេញមកសម្ដែងនូវការខកចិត្ត និងហួសចិត្តជាខ្លាំងដែល Idol របស់ខ្លួនបញ្ចេញសកម្មភាពមិនសមរម្យបែបនេះ ។
លើសពីនោះទៀត ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានយករូបភាពរបស់ Santa ទៅបង្ហោះនៅលើបណ្ដាងសង្គមដោយភ្ជាប់មកជាមួយ Caption ថា «មុខមាត់ស្អាតបាទ តែគ្មានសីលធម៏ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ? នេះជាទង្វើរគ្មានសីលធម៏នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្កខ្ញុំ សូមលោកលុបរូបនេះចេញជាបន្ទាន់» និងបានឲ្យ Santa ឡើងទៅជួបលោកនៅស្នងការដ្ឋាននគរបាលខេត្តកំពតល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ផងដែរថា ជុំការរិះគន់យ៉ាងច្រើនពីសំណាក់មហាជនអ្នកលេងនៅបណ្ដាញសង្គម និង ស្នងការដ្ឋាននគរបាលខេត្តកំពត ហើយនោះ គឺ Santa បានលុបរូបភាពមួយសន្លឹកនេះចេញពី Story របស់ខ្លួនហើយ ៕