តើក្នុងចំណោមបេក្ខភាពទាំង ៣ រូបនេះ ម្នាក់ណានឹងក្លាយទៅជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីទី៦ ?
លោកស្រី ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានប្រកាសពីការរៀបការចំបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី នាពេលខាងមុខនេះ ក្នុងនោះសមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃបានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមនេះមានរយៈពេល ៥ ឆ្នាំម្តង ក្នុងមួយអាណត្តិ ប៉ុន្តែការរៀបចំបោះឆ្នោតជ្រើសរើសប្រធានថ្មីត្រូវបានយឺតយ៉ាវអស់រយៈពេល ១ ឆ្នាំដោយសារតែមានវិបត្តិនៃជំងឺកូវីដ-១៩ ។
ជាមួយគ្នានោះ គណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជ្រើសរើសបេក្ខជនផ្លូវការចំនួន៣ រូប ដែលទទួលបានសិទ្ធិពេញលេញក្នុងការឈរឈ្មោះ រួមមាន៖ អតីតតារាសម្តែងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និង លោក ផាត់ តារារដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី ដោយសិល្បករ-សិល្បការិនី គឺជាអ្នកបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតជូនបេក្ខភាពមួយរូបដែលខ្លួនពេញចិត្ត និងយល់ថាបេក្ខជនមួយរូបនោះមានលក្ខណៈគ្រប់គ្រង់ ដើម្បីឱ្យក្លាយជាប្រធានសមាគមសិល្បករខ្មែរថ្មីក្នុងអាណត្តិទី៦ (២០២៤-២០២៩) ដើម្បីដឹកនាំសិល្បករ-សិល្បការិនីខ្មែរឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ៕