Rick Kh ធ្វើឲ្យអ្នកគាំទ្ររំភើប ក្រោយមានវត្តមានម្ដងទៀតនៅលើទឹកដីប្រទេសកម្ពុជា

កាលពេលពីថ្មីៗនេះ លោក Rick Kh គោប្រាក់ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ ដោយលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយសេះសមុទ្របាញ់ទឹកនៅខេត្តកំពត ដែលធ្វើឲ្យគាំទ្រកើតជាចម្ងល់ថាលោក បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ឬក៏រូបដែលលោកបានបង្ហោះទាំងនោះគ្រាន់តែជាការកាត់តឬយ៉ាងណា ខណៈនៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក Rick Kh បានបង្ហោះវីដេអូមួយពីសកម្មភាពដែលលោកបានធ្វើដំណើរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីបន្តបេសកកម្ម បំពេញក្ដីស្រម៉ៃនិងដើម្បីអនាគតរបស់លោកនៅថ្ងៃមុខ ។

បើយោងតាមរយៈវីដេអូដែលបានបង្ហោះនោះដែរ លោក Rick Kh បានឲ្យដឹងពីមូលហេតុដែលលោកសម្រេចចិត្តមកប្រទេសកម្ពុជាវិញដោយរៀបរាប់ថា ព្រោះតែលោកស្រលាញ់សង្គមជាតិរបស់ខ្លួន ទើបសម្រេចចិត្តដកឃ្លាពីគ្រួសារមួយរយៈ ដើម្បីមនុស្សជាច្រើនដែលកំពុងរង់ចាំលោក និងអនាគតរបស់លោកនៅថ្ងៃខាងមុខ ព្រោះទាំងនេះគឺជាជីវិតដែលលោកសម្រេចចិត្តជ្រើសរើសតាំងពីដើមមក ដោយធ្វើដំណើរទៅណាមកណាតែម្នាក់ឯង ហើយលោកក៏សង្ឃឹមថាថ្ងៃណាមួយលោក នឹងទទួលបានគោលដៅជោគជ័យសម្រាប់ជីវិត ទើបលោកសម្រេចចិត្តបន្តដំណើរមួយនេះម្ដងទៀតមកប្រទេសកម្ពុជាវិញ ដើម្បីសិក្សារៀនសូត្រពីមិត្តភក្កិ លោកគ្រូអ្នកគ្រូ សាស្ដាចារ្យដែលលោកធ្លាប់សិក្សានាកន្លងមក ។

ជាមួយដំណឹង និងវត្តមានរបស់អ្នកផលិតមាតិកាលោក Rick Kh គោប្រាក់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញនេះ បានធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបជាខ្លាំង ព្រមទាំងអរគុណដល់លោកសម្រាប់ការលះបង់ដ៏ធំធេងមួយនេះ ដោយសុខចិត្តឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់ ដើម្បីប្រទេសជាតិ និងដើម្បីអ្នកដែលរង់ចាំលោកជាច្រើន ព្រមទាំងសរសើរពីទឹកចិត្តរបស់ Rick Kh ថា បងពិតជាអស្ចារ្យ ជាគំរូល្អសម្រាប់ប្អូនៗជំនាន់ក្រោយ ជូនពរបងសុខភាពល្អ សំណាងល្អ និងបន្តក្ដីស្រមៃមួយនេះបន្តទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង