ប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធ ត្រូវបានរៀបចំវេចខ្ចប់ ដើម្បីបញ្ជូនយកទៅជួសជុលនៅប្រទេសបារាំង
នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះបើយោងតាមរយៈការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថានៅព្រឹកថ្ងៃដដែលនេះ គឺមានការរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្ដីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង ។
ក្រោយគម្រោងអភិរក្សនិងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះនឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានាដំណាក់កាលទី២។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេនាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹងបន្តដំណើរទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជាដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ១៩៕