រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុក ព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជាដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់

លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កាលពីថ្មីៗនេះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) បន្ទាប់ពីជំងឺចាស់របស់លោកតាបានធ្វើទុក្ខជាថ្មី។

បន្ទាប់ពីទទួលដំណឹង នៃការធ្លាក់ខ្លួនឈឺកំពុងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខដល់មន្ទីរពេទ្យដោយផ្ទាល់ និងបានថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ថែទាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងព្យាបាលលោកព្រឹទ្ធាចារ្យ ធ្វើឲ្យស្ថានភាពជំងឺកាន់តែមានភាពធូរស្រាលជាងពេលមុន។

លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តទៀតថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ឆ្នើមម្នាក់ ជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជា ដែលចាំបាច់យើងត្រូវតែយកចិត្តទុកដាក់ថែទាំ និងគាំពារលោកព្រឹទ្ធាចារ្យ។ លោកស្រី ក៏បានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យដែលកំពុងជួបការលំបាកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង