កម្មវិធី «អ្នកស្នងមរតក» ដែលរៀបចំឡើងដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងជួយដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់ឲ្យមានសាមគ្គីភាពគ្នាកាន់តែល្អប្រសើរ

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ បានអញ្ជើញចូលរួមធ្វើពិធីសែនក្រុងពាលី ទៅតាមបវេណី ទំនៀមទម្លាប់ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ខណៈកម្មវិធី «អ្នកស្នងមរតក» នឹងធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះដែលមានទីតាំងនៅពិព័រណ៍អន្តរជាតិជ្រោយចង្វា (OCIC) ។

កម្មវិធី «អ្នកស្នងមរតក» ជាកម្មវិធីដែលផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដើម្បីការពារ និងលើកស្ទួយដល់សិល្បករចាស់ជរាគ្រប់ទម្រង់ ដោយក្រុមការងារសមាគមសិល្បករខ្មែរទាំងអស់បានខិតខំស្វះស្វែងរកព័ត៌មាន និងស្រង់ឈ្មោះរបស់សិល្បកររៀមច្បងចាស់ជរា ដើម្បីអញ្ជើញពួកគាត់ឲ្យចូលរួមនៅក្នុងកម្មវិធីនៅក្នុងកម្មវិធីមួយនេះ ដើម្បីចូលរួមថែរក្សាក៏ដូចជាពង្រឹងលើការកសាងសមត្ថភាព គុណភាព និងស្នាដៃបង្កើតថ្មីរបស់សិល្បករជំនាន់ក្រោយធ្វើឲ្យសិល្បករ សិល្បការិនីទាំងអស់មានសាមគ្គីភាពគ្នាកាន់តែល្អប្រសើរ ។

ក្នុងនោះនឹងមានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី ប្រមាណ ២០០០ នាក់ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរនេះ ព្រមទាំងមានវត្តមាន សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់ជាកិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង