ប្រពៃណាស់ ! លោកឧកញ៉ា ខេមរៈ សិរីមន្ត បានចូលរួមបរិច្ចាគថវិកា៥លានរៀលក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ទៅដល់សមាគមសិល្បករខ្មែរ
កម្មវិធីអ្នកស្នងមរតក ក្រោមប្រធានបទ « អ្នកស្នងមរតក រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី» ដែលរៀបចំឡើងដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤ ដែលមានវត្តមាន សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់ជាកិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងសិល្បករ សិល្បការិនី ប្រមាណ ២០០០ នាក់បានចូលរួម ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរនេះ ។
ក្នុងនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និង លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបកស្រាយនូវចម្រៀងមួយបទដែលមានចំណងជើងថា «ស្នាមញញឹមអមតៈ» ជូនសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាការដឹងគុណ និងថ្លែងអំណរគុណ ចំពោះសម្ដេចមហាបវរធិបតី ដែលបានចូលបរិច្ចាគថវិកាចំនួន ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំទៅកាន់សមាគមសិល្បករខ្មែរ ។
លើពីការចូលរួម នឹងសម្ដែងដោយស្ម័គ្រចិត្តបកស្រាយច្រៀងរួមគ្នាជាមួយប្រធានសមាគមសិល្បករខ្មែរ ក្នុងនោះ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានចូលរួមបរិច្ចាគថវិកាចំនួន«៥លានរៀល»ក្នុង១ឆ្នាំរយៈពេល៥ឆ្នាំដល់សមាគម ដើម្បីចូលរួមចំណែកជួយសម្រាលទុកលំបាករបស់សិល្បករចាស់ជរា ដោយលោកឧកញ៉ា បានអះអាងថា នឹងចូលរួមបន្តទៀតប្រសិនបើសមាគមមានតម្រូវការណាមួយឲ្យលោកឧកញ៉ាជួយ ៕
ទឹកចិត្តដ៏ល្អប្រពៃរបស់ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឲ្យសិល្បករ សិល្បការិនី និងអ្នកគាំទ្រ សម្ដែងនូវក្ដីរំភើប និងពេញចិត្តជាខ្លាំងចំពោះ សកម្មភាពរបស់លោកឧកញ៉ា ដែលបានចូលសម្ដែងដោយស្ម័គ្រចិត្ត ហើយថែមទាំងចូលបរិច្ចាគថវិកាទៅកាន់សមាគមសិល្បករខ្មែរថែមទៀត ៕