ល្អហួស ចាត់ទុកតារាចម្រៀង ទូច ស៊ុននិច គឺជា Idol នៅក្នុងដួងចិត្តរបស់ខ្លួន ព្រមទាំងធ្វើរឿងមួយនេះតាមIdolថែមទៀត

នៅថ្មីៗគណនី Facebook ដែលមានឈ្មោះ Touch Sunnix បានបង្ហោះរូបភាព២សន្លឹក ដោយយកមកប្រៀបធៀបគ្នា ដែលក្នុងនោះមានរូបរបស់ខ្លួន និងអ្នកនាង ខាត់ សុឃីម វីឯរូបភាពមួយសន្លឹកទៀតមានរូបរបស់ ផេនខេក លោក វ៉ាន់ ដាវីត និង Miss Pre Teen Junior Idol World 2024 ជូរី ល្អហួស ។

តាមរយៈរូបខាងលើ តារាចម្រៀង ទូច ស៊ុននិច ក៏បានភ្ជាប់មកជាមួយសំណេរដោយរៀបរាប់ដោយក្ដីរំភើបថា «សំឡេងច្រៀងនិងការសម្ដែងរបស់ប្អូនៗនិងក្មួយស្រីល្អហួសក្នុងបទចំរៀង(ស្រលាញ់មួយណា?) ពិតជាមានទេពកោសល្យល្អណាស់ រីឯការតុបតែងខ្លួននិងសម្លៀកបំពាក់វិញគឺស្អាតសមសួនណាស់ឃើញហើយធ្វើឲ្យបងនឹកគិតថាបងកំពុងតែសម្ដែងនៅក្នុងបទនោះអញ្ចឹង ព្រោះកាយវិការសម្ដែងរបស់ប្អូនៗ និងក្មួយស្រីពិតជាដូចបងៗពេលសម្ដែងបទនោះណាស់ ហើយនាងខ្ញុំក៏អរគុណ នឹងពិតជាមានមោទនភាពជាខ្លាំងដោយការច្រៀង ការសម្ដែងនិងការស្លៀកសំលៀកបំពាក់របស់នាងខ្ញុំបានធ្វើឲ្យប្អូនៗនិងក្មួយៗជំនាន់ក្រោយយកធ្វើជាគំរូ ស្រលាញ់និងនឹករលឹកដល់បងប្អូនទាំងអស់គ្នា »។

ក្នុងនោះដែរ យុវតី ជូរី ល្អហួស ក៏បានពាក់ឈុតដែលមានពណ៌និងម៉ូតស្រដៀង តារាចម្រៀង ទូច ស៊ុននិច នៅក្នុងការសម្ដែងចម្រៀងរួមគ្នាជាមួយ ផេនខេក លោក វ៉ាន់ ដាវីត លើពីនោះ ល្អហួស ក៏បានចូលទៅ Comment ក្នុងបង្ហោះសំណេររបស់ តារាចម្រៀង ទូច ស៊ុននិច ថា «ក្មួយពិតជានឹកអ្នកមីងណាស់ អ្នកមីងជាIdolរបស់ក្មួយ» រីឯរៀមច្បង ទូច ស៊ុននិច ក៏បានតបវិញថា «អរគុណក្មួយស្រីជាទីស្រលាញ់ »។

គួររំឭកផងដែរថា ទូច ស៊ុននិច ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំឡេងពីរោះផ្អែម រណ្ដំចិត្ត ដែលអាចទាក់ទាញនិងឆក់បានបេះដូងរបស់ទស្សនិកជនទាំងក្មេងចាស់ ប្រុសស្រីជាច្រើន ឲ្យនៅតែនឹករឭកស្រលាញ់ បើទោះបីជាតារាចម្រៀងរូបនេះបានឃ្លាតកាយឆ្ងាយពីវិធីសិល្បៈចម្រៀងនេះជាយូរឆ្នាំក៏ពិតមែន ៕

អត្ថបទដែលជាប់ទាក់ទង