ឯម រៀម ត្រូវបានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញទៅពិភាក្សាដើម្បីស្វែងរកឫសគល់នៃការច្នៃម៉ូដដែលមិនសមរម្យកន្លងមក
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ គណនី Facebook ផេក សមាគមសិល្បករខ្មែរ បានបង្ហោះពីសកម្មភាពនៃការជួបជុំពិក្សារវាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ ជាមួយអ្នកច្នៃម៉ូត ឯម រៀម ពាក់ព័ន្ធនឹងការច្នៃម៉ូតរបស់លោក ដែលនាពេលកន្លងមកធ្លាប់ទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់មហាជន ។
នៅក្នុងនោះជំនួបពិក្សានោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានស្នើទៅកាន់លោក ឯម រៀម ក្នុងការតែតម្រូវនូវរាល់ចំណុចខ្វះខាតមួយចំនួន ដែលធ្លាប់រងការរិះគន់ពីសំណាក់មហាជនយ៉ាងចាស់ដៃ ព្រោះមិនពេញចិត្តចំពោះការច្នៃប្រឌិតគ្រប់ម៉ូតសម្លៀកបំពាក់របស់លោក ដែលពាក់ទៅចូលរួមក្នុងកម្មវិធីផ្សេងៗកន្លងមក ។
ជុំវិញការស្នើសុំពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នេះដែរ លោក ឯម រៀម ក៏បានទទួលស្គាល់ពីការរិះគន់របស់មហាជនមកលើរូបលើ និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឲ្យមហាជនមិនពេញចិត្ត។
បន្ថែមពីនោះ សមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ ក៏បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ៕