ទស្សនាឥតគិតថ្លៃ ! ភាពយន្តអន្តរជាតិជាង១៥០រឿងមកពី៤១ប្រទេស នឹងចាក់បញ្ចាំងនៅតាមបណ្ដារោងកុនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា
កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood Phnom Penh មានការរៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៣ នឹងបង្ហាញខ្សែភាពយន្តមកពី៤១ប្រទេស តាមរយៈការជ្រើសរើសភាពយន្តចំនួន១៥៣រឿង ដែលក្នុងនោះមានភាពយន្តខ្មែរចំនួន ៤៨ រឿង ទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ហើយអ្វីដែលកាន់តែពិសេសនោះគឺមានភាពយន្ដរឿង «Elvis of Cambodia»ដែលស្ដីពីឆាកជីវិតអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ជាអ្នកចម្រៀងដ៏ពេញនិយម និងមានឥទ្ធិពលបំផុតរបស់កម្ពុជាក្នុងយុគសម័យមាសផងដែរ ។
បើតាមការលើកឡើងរបស់ម្ចាស់គណនី Facebook មួយឈ្មោះ Ream Feature បានឲ្យដឹងថាសម្រាប់បងប្អូនដែលមានបំណងចង់ទស្សនាអាចចូលទៅមើលកាលវិភាគ និងព័ត៌មានលម្អិតនៃការចាក់បញ្ចាំងរឿងបាននៅក្នុង Facebookផេក Cambodia International Film Festival ដោយលោកបានបញ្ជាក់បន្ថែមថា ដើម្បីទទួលបានសំបុត្រចូលទស្សនានោះ បងប្អូនចាំចាប់ត្រូវទៅដល់ទីតាំងឲ្យបានមួយម៉ោងមុនកុងចាក់បញ្ចាំង ។
សូមជម្រាបជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងរៀបចំចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើកនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ វេលាម៉ោង៥រសៀល៕
ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: