សមាគមសិល្បករខ្មែរអំពាវនាវដល់សប្បុរសជនអញ្ជើញទៅចូលរួមពិធីបុណ្យស.ព របស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ផេកផ្លូវការរបស់សមាគមសិល្បករខ្មែរ បានចេញមកបង្ហោះសារនិងអំពាវនាវដល់សប្បុរសជនក៏ដូចជាមហាជនខ្មែរទូទៅ អញ្ជើញទៅចូលរួមពិធីបុណ្យសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញដោយរោគាពាធ ។

ក្នុងនោះសមាគមសិល្បករខ្មែរ បានរៀបរាប់ថា ពេញមួយជីវិតរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុវិស័យសិល្បៈវប្បធម៌ជាតិទាំងនៅថ្នាក់ជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាព និងមោទនភាពជាតិនៅលើឆាកអន្តជាតិ។

ដូច្នេះដើម្បីឲ្យសក្ដិសមទៅនឹងវីរភាព និងកិត្តិនាមរបស់លោកព្រឹទ្ធាចារ្យ សមាគមសិល្បករខ្មែរ ក៏សូមយកឱកាសនេះ សូមអំពាវនាវដល់សប្បុរសជន ក៏ដូចជាមហាជនខ្មែរទូទៅ អញ្ជើញទៅចូលរួមពិធីបុណ្យសពរបស់លោកព្រឹទ្ធាចារ្យដែលកំពុងប្រព្រឹត្តទៅនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកំពង់ត្រាច ខេត្តកំពត ឲ្យបានច្រើនកុះករ ។

មួយវិញទៀតសម្រាប់បងប្អូនសប្បុរសជនដែលមិនមានពេលវេលាទៅចូលរួមផ្ទាល់ ក៏អាចចូលរួមជាថវិកាបានតាមរយៈ សមាគមសិល្បករខ្មែរ ដែលមានគណនីធនាគារភ្ជាប់ជូននៅខាងក្រោមនេះ ៕

អត្ថបទដែលជាប់ទាក់ទង