មិនធម្មតា ! ល្អហួស ត្រូវបានផលិតកម្មភាពយន្តឥណ្ឌូណេស៊ីមួយចំនួន ដាក់ពាក្យស្នើសុំបវរកញ្ញាវ័យក្មេងរូបនេះ ដើម្បីទៅសម្ដែងក្នុងភាពយន្តឥណ្ឌូណេស៊ី
នៅថ្មីៗនេះលោក អ៊ិន វិចិត្រ បានធ្វើឲ្យមហាជនអ្នកគាំទ្ររបស់បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយទទួលបានដំណឹងថា បវរកញ្ញាវ័យក្មេងរូបនេះត្រូវបានផលិតកម្មភាពយន្តឥណ្ឌូណេស៊ីមួយចំនួន បានដាក់ពាក្យស្នើសុំមកក្រុមហ៊ុន Mediaload ដើម្បីយក ល្អហួស ចូលរួមសម្ដែងក្នុងភាពយន្តរបស់ឥណ្ឌូណេស៊ី ។
ទន្ទឹមគ្នានេះដែរ ជូរី ល្អហួស ក៏បានទម្លាយពីឆន្ទៈក្នុងការចូលរួមសម្ដែងក្នុងភាពយន្តរបស់ឥណ្ឌូណេស៊ី ដោយនាងបានលើកឡើងថា «ផ្ការំដួលកម្ពុជាមួយទងនេះ នឹងធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់» ដែលធ្វើឲ្យអ្នកគាំទ្រពិតជារំភើប និងអបអរសាទរដល់ ជូរី ល្អហួស ដែលទទួលបានឱកាសការងារនៅក្រៅស្រុកបែបនេះ លើសពីនោះ ជូរី ល្អហួស ក៏ត្រូវបានមហាជនលើកសរសើរពីនាងថាជា គ្រាប់ពេជ្ររបស់កម្ពុជាគ្រប់ៗគ្នា ចំពោះសមត្ថភាព និងទេពកោសល្យរបស់នាង ។
ជូរី ល្អហួស គឺជាម្ចាស់មកុដ Miss Preteen Cambodia 2023 ក្រោយទទួលបានមកុដហើយនោះ ល្អហួស ហាក់មានទីផ្សារការងារមមាញឹកជាច្រើនទាំងសម្ដែងរឿង ថតសម្អាងការ ផ្សព្វផ្សាយពាណិជ្ជកម្ម និងទទួលបានតំណែងជា BA ឲ្យផលិតផលធំៗក្នុងស្រុកជាច្រើនផងដែរ បន្ថែមពីនេះ ល្អហួស ធ្លាប់បានទម្លាយថានាង នឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia នៅឆ្នាំ ២០២៧ ជាបេក្ខភាពតំណាងឲ្យខេត្ត ព្រះវិហារ ដែលជាខេត្តកំណើតរបស់យុវតីរូបនេះផ្ទាល់ ។
ជុំវិញដំណឹងថា ជូរី ល្អហួស ចូលរួមប្រកួតក្នុងកម្មវិធី Miss Grand នេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាពិតជារំភើប និងទន្ទឹងរង់ចាំពេលវេលាដ៏ពិសេសនោះ មកដល់នាពេលឆាប់ៗ ព្រោះយុវតីរូបនេះមានទាំងសម្រស់ សមត្ថភាព និងចំណោះដឹង ពិតជាសាកសមក្នុងការចូលរួមប្រកួតដើម្បីដណ្ដើមមកុដ និងបន្តដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិ ខណៈបវរកញ្ញារូបនេះធ្លាប់ទទួលបានជោគជ័យ នៅលើឆាកអន្តរជាតិម្ដងរួចមកហើយក្នុងកម្មវិធី Miss Preteen Junior Idol World 2024 ៕