ការងារនិងការសិក្សាដើរទន្ទឹមគ្នាទោះរវល់ប៉ុណ្ណាក៏ ឡុង លីងគ័ង្គ នៅតែឆ្លៀតចេញបទថ្មីសម្រាប់អ្នកគាំទ្រដែរ !

ពិតជាលឿនមែនមួយពព្រិចភ្នែកសោះតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ធំពេញរូបពេញបាត់ រីឯមុខមាត់វិញក៏ស្រស់សង្ហារ និងអភិវឌ្ឍខ្លួនបានកាន់តែប្រសើរនៅក្នុងវិស័យចម្រៀង ដែលធ្វើឱ្យតារាចម្រៀងវ័យក្មេងរូបនេះនៅតែរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រជាច្រើនពីសំណាក់មហាជនទាំងក្មេងចាស់ ប្រុសស្រី តាមរយៈសំឡេងដ៏ពីរោះរបស់គេ ។

យ៉ាងមិញទោះមិនសូវជាមានចេញបទចម្រៀងថ្មីដូចគេមែន ប៉ុន្តែតារាចម្រៀងវ័យក្មេងរូបនេះក៏ទទួលឱកាសច្រៀងនៅលើឆាកប្រគំតន្រ្តីតូចធំនានាជាច្រើន លើកពីនោះ ឡុង លីងគ័ង្គ ក៏ តែងតែបង្ហាញពីសមត្ថភាពរបស់ខ្លួន និងមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ពោលគឺរូបគេតែងតែចេញបទចម្រៀង Cover សម្រាប់អ្នកគាំទ្រស្ដាប់កម្សាន្តមុននឹងចេញបទចម្រៀងថ្មីៗបន្តបន្ទាប់ផងដែរ ។

ដោយឡែកនៅថ្មីៗនេះដែរ ឡុង លីងគ័ង្គ បានបង្ហោះសារបង្ហើបពីដំណឹងត្រៀមចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលនឹងចេញជាផ្លូវការនៅលើផេករស្មីហង្សមាស ដែលជាផលិតកម្មរបស់តារាចម្រៀងវ័យក្មេងរូបនេះជ្រកកោន ក្នុងនោះដែរ ឡុង លីងគ័ង្គ ក៏បានភ្ជាប់មកជាមួយ Caption ថា «សង្ឃឹមថាពុកម៉ែបងប្អូន នឹងទទួលបានអារម្មណ៍ថ្មីពីខ្ញុំបាទ ឆាប់ៗនេះ នៅលើផេកផ្លូវការរបស់រស្មីហង្សមាស »។

ងាកមកអ្នកគាំទ្រវិញក៏បានចូលទៅបញ្ចេញមតិសួរនាំតារាចម្រៀងរូបនេះពីថ្ងៃជាក់លាក់ដែលបទចម្រៀងថ្មី និងពោលសរសើរថាកំលោះតូច ឡុង លីងគ័ង្គ សំឡេងក៏ពីរោះ ឯសម្រស់វិញក៏បានថែមទៀត គ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង