អ្នកគ្រប់គ្រង Miss Aura Cambodia ច្រានចោលទាំងស្រុង បន្ទាប់ពីក្រុមអ្នកគាំទ្រជ្រុលនិយមថៃថា កម្ពុជាចម្លងវប្បធម៌ឈុត «មាតាផែនដី»ពីប្រទេសខ្លួន
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញអ្នកគ្រប់គ្រងកម្មវិធី Miss Aura Cambodia បានចេញមុខមកច្រានចោលទាំងស្រុង បន្ទាប់ពីមានការវែកញែកនៅលើបណ្ដាញសង្គមពីក្រុមអ្នកគាំទ្រជ្រុលនិយមរបស់ប្រទេសថៃមួយចំនួនតូច បានលើកឡើងថា កម្ពុជាចម្លងវប្បធម៌ឈុត «មាតាផែនដី» របស់ថៃដែលមានម៉ូតស្រដៀងគ្នា និងធ្លាប់មានបរវកញ្ញារបស់ប្រទេសខ្លួនបានគ្រងជាឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតសម្រស់មួយ ។
ក្នុងនោះអ្នកគ្រប់គ្រង Miss Aura Cambodia បានឆ្លើយតបនិងសង្កាត់ធ្ងន់ៗទៅកាន់ក្រុមអ្នកគាំទ្រជ្រុលនិយមរបស់ប្រទេសថៃមួយចំនួនតូចនោះថា «បើកម្ពុជាចម្លងវប្បធម៌ពីថៃពិតមែន សូមរាយការណ៍ទៅរដ្ឋាភិបាលថៃ និងក្រសួងវប្បធម៌ថៃ ដើម្បីងាយស្រួលដល់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងការអនុម័ត» ។
អ្នកគ្រប់គ្រង Miss Aura Cambodia អ្នកស្រី Julie Hoeung ថាខ្លូនគឺជាអ្នកឆ្នៃឈុត (ព្រះម៉ែធរណី) នេះដោយដកស្រង់ចេញមកពីជញ្ជាំងប្រាសាទអង្គរវត្ត និងបានបន្តទៀតថា «បើកម្ពុជាចម្លងវប្បធម៌ (មាតាផែនដី) របស់ថៃ សូមក្រសួងវប្បធម៌ថៃ និងរដ្ឋាភិបាលថៃចេញមុខដោះស្រាយជាមួយនាងខ្ញុំ (Julie Hoeung) ក្នុងឋានៈជា Miss Aura Cambodia នាយកគ្រប់គ្រងជាតិខ្ញុំរង់ចាំជួប ឬអាចជួបដោះស្រាយនៅស្ថានទូតថៃប្រចាំកម្ពុជា Julie តែងតែរង់ចាំស្វាគមន៍ជានិច្ច »៕