លីម តិចម៉េង ថាខ្លួនមានលទ្ធភាពអាចវះកា.ត់ម្ដាយបាន និងបដិសេធមិនទទួលជំនួយពីមហាជន
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញម្ចាស់ពាន Cambodia idol រដូវកាលទី៤ លីម តិចម៉េង បានចែករំលែកជាមួយដំណឹងនៃលទ្ធផលវះកាត់របស់ម្ដាយ ដោយទទួលបានជោគជ័យ ក្នុងនោះដែរ លីម តិចម៉េង បានរៀបរាប់ថា «ធ្វើការមិនដែលខ្លាចហត់ មិនខ្លាចខ្មាសគេ កូនប្រុសធ្វើបានគ្រប់យ៉ាង យើងមានលទ្ធភាពអាចវះកាត់បានជោគជ័យហើយអ្នកម្តាយ សម្រាកឱ្យស្រួលខ្លួនឆាប់បានជាវិញអ្នកម្តាយ» ។
បន្ថែមពីនោះ លីម តិចម៉េង បានបន្តទៀតថា «អរគុណដល់ពុកម៉ែ បងប្អូនដែលចង់ផ្ដល់ជំនួយដល់ខ្ញុំបាទ ជំនួយរបស់ពុកម៉ែបងប្អូនខ្ញុំទទួលបានគ្រប់គ្រាន់ហើយនោះគឺ ការស្រលាញ់គាំទ្រ ក្រៅពីនោះខ្ញុំត្រូវប្រើសមត្ថភាព ការខំប្រឹងដោយខ្លួនឯង សូមពុកម៉ែ បងប្អូន កុំអន់ចិត្តដែលខ្ញុំបានបដិសេធមិនបានទទួលប្រាក់ពីពុកម៉ែ បងប្អូន បើមាន Account ណាបន្លំធ្វើជាខ្ញុំហើយសុំជំនួយ ឬដាក់ ABA ផ្សេងៗសូមបងប្អូនកុំជឿ ព្រោះខ្ញុំ លីម តិចម៉េង នេះមិនដែលចង់បានអ្វីពីពុកម៉ែ បងប្អូនឡើយ» ។
តាមរយៈសារដែលចេញមកបដិសេធមិនទទួលជំនួយពីមហាជននេះដែរ លីម តិចម៉េង បានយកឈ្នះបេះដូងអ្នកគាំទ្រជាច្រើន ព្រោះតារាចម្រៀងរូបនេះបានធ្វើជាគំរូល្អមួយសម្រាប់អ្នកសិល្បៈ ដែលមិនលើកដៃសុំជំនួយឬទទួលជំនួយពីមហាជននោះទេ ពោលគឺរូបគេបានព្យាយាមរកចំណូលពីការងារ ដោយមិនខ្លាចហត់ មិនខ្លាចខ្មាសគេ និងដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯង យ៉ាងណាមិញក៏មានអ្នកសិល្បៈនិងមហាជនជាច្រើនបានជូនពរឱ្យម្ដាយរបស់ លីម តិចម៉េង ឆាប់សះស្បើយពីជម្ងឺផងដែរ ៕