តាប៊ុយ រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ក្រោយប្រើពាក្យសម្ដីមិនសម.រម្យពី សុភ័ក្រ កុសុម៉ា និងគូដណ្ដឹង
កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ អ្នកផលិតការ និងជាពិធីករល្បីឈ្មោះ តាប៊ុយ បានរងការរិះជាច្រើនពីមហាជនថារូបគេនិយាយមិនចេះគិត បន្ទាប់ពីបានបង្ហោះរូប Pre-Wedding របស់ពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា ជាមួយនិងគូដណ្ដឹង ហើយបានប្រើពាក្យសម្ដីដែលលេងសើចបែបមិនសមរម្យថា «តាមពិតកូនកម្លោះសន្សំលុយមិនទាន់គ្រប់ តែខាងក្រមុំថែមលុយការប្ដី »។
តាមរយៈសារមួយនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ម្ចាស់សាមីខ្លួនកញ្ញា សុភ័ក្រ កុសុម៉ា ជាខ្លាំងដោយនាងក៏បានចូលទៅបញ្ចេញមតិក្នុងផុសនោះថា «ឯងលេងយូរៗដូចមិនឱ្យតម្លៃខ្ញុំទាំងពីរអ្នកសោះ សំណេរនេះសរសេរមកគឺអ្នកមិនដឹងគេប្រាកដជាមើលងាយទៅគូដណ្ដឹងខ្ញុំ ហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី» ភ្លាមៗនោះ តាប៊ុយ ក៏បានឆាកទៅសុំទោសកញ្ញា សុភ័ក្រ កុសុម៉ា និងចេញវីដេអូសុំទោសជាសាធារណៈដោលើកឡើងថា «ខ្លួនជាមនុស្សចូលចិត្តនិយាយត្រង់ » ដែលចំណុចនេះធ្វើឱ្យ សុភ័ក្រ កុសុម៉ា កាន់តែមានអារម្មណ៍មិនល្អដោយបានឆ្លើយតបទៅកាន់ តាប៊ុយ ថា «ដំបូងខ្ញុំពិតជាខឹង តែមកដល់ពេលខ្ញុំគ្រាន់តែអន់ចិត្តខ្លាំង ហើយឯងក៏មិនចាំបាច់ផុសវីដេអូអ្វីដែរ ព្រោះឯងនិយាយថា និយាយត្រង់ អ៊ីចឹងរឿងហ្នឹងជាការពិតមែន វានាំតែកាន់តែខុស » ។
ជាមួយគ្នានោះបើទោះបីជា តាប៊ុយ បានលុបចោលរាល់ការបង្ហោះផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កញ្ញា សុភ័ក្រ កុសុម៉ា និងគូដណ្ដឹង ក៏ដោយក្ដី ក៏រឿងមួយនេះនៅតែមានមហាជនអ្នកលេងនៅលើបណ្ដាញសង្គមលើកមកវែកញែកជាបន្តៗ ចំពោះសំណេរដែលលេងសើចបែបមិនសមរម្យរបស់ តាប៊ុយ នេះផងដែរ ៕