អ្នកស្រី ពាន់ ភួងបុប្ផា ស្នើឱ្យអ្នកយកវីដេអូរឿង “កូនប្រសារស្រី” ទៅបង្ហោះបន្តជួយដាក់កម្មសិទ្ធបញ្ញាឱ្យម្ចាស់ដើមផង

នៅថ្មីៗនេះផលិតករល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា ដែលបានផលិតខ្សែភាពយន្តរឿងខ្មែរជាង ៣០ ឆ្នាំកន្លងមកនេះ បានដាក់សាច់រឿងដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីនៅក្នុង ឆាណែល YouTube ផ្លូវការរបស់អ្នកស្រីជាច្រើនរឿង ឱ្យបងប្អូនទស្សនា ខណៈនៅក្នុងចំណោមរឿងទាំងនោះមានរឿងមួយដែលទទួលបានការចាប់អារម្មណ៍ និងទស្សនាច្រើនជាងគេ នោះគឺរឿង “កូនប្រសារស្រី” ។

រឿង “កូនប្រសារស្រី” នេះបន្ទាប់មានសន្ទុះនៃការគាំទ្រ និងទស្សនាច្រើន ក៏ចាប់ផ្ដើមមានផេកមួយចំនួនបានកាត់យកវីដេអូរឿង “កូនប្រសារស្រី” ពី ឆាណែល YouTube ផ្លូវការរបស់អ្នកស្រី ពាន់ ភួងបុប្ផា យកទៅបង្ហោះបន្ត ដោយមានផេកខ្លះបានដាក់កម្មសិទ្ធបញ្ញាឱ្យអ្នកស្រី និងមានផេកមួយចំនួនទៀតមិនបានដាក់កម្មសិទ្ធបញ្ញាឱ្យអ្នកស្រីនោះទេ ទើបអ្នកស្រីបានបង្ហោះសារស្នើឱ្យអ្នកកាត់យកវីដេអូទៅបង្ហោះបន្តនោះជួយដាក់កម្មសិទ្ធបញ្ញាឱ្យម្ចាស់ដើមផង ។

ក្នុងនោះអ្នកស្រី ពាន់ ភួងបុប្ផា បានរៀបរាប់ថា «ជម្រាបសួរប្រិយមិត្ត និងអ្នកទស្សនាទាំងអស់គ្នា សូមអរគុណដែលតែងតែតាមដាន និងគាំទ្ររាល់ខ្សែភាពយន្តរបស់នាងខ្ញុំកន្លងមក ។ ដោយសារមួយរយៈនេះ ខ្ញុំសង្កេតឃើញថាមានផេករបស់ក្មួយៗ មួយចំនួនបានថតចម្លងវីដេអូរឿង “កូនប្រសារស្រី” យកទៅផ្សព្វផ្សាយជាច្រើន ដូច្នេះខ្ញុំសូមសំណូមពរឲ្យក្មួយៗដែរ បានយកវីដេអូ រឿង “កូនប្រសារស្រី” យកផ្សាយបន្តជួយដាក់កម្មសិទ្ធបញ្ញា ឲ្យម្ចាស់ដើមផង និងអរគុណដល់ក្មួយៗដែលបានដាក់រួចហើយ។
ជាចុងបញ្ចប់សូមជូនពរឲ្យអ្នកទស្សនានិងគាំទ្រស្នាដៃនាងខ្ញុំឲ្យជួបតែសំណាងល្អ និងរកទទួលទានមានបាន ហើយក៏សូមអរគុណចំពោះការគាំទ្ររាល់ស្នាដៃដែលនាងខ្ញុំបានផលិត ហើយសូមបន្តគាំទ្រទស្សនាខ្សែភាពយន្តថ្មីៗនឹងមានចាក់ជាបន្តបន្ទាប់ សូមរីករាយតាមដានទស្សនា» ៕

អត្ថបទដែលជាប់ទាក់ទង