ច្នៃបញ្ចូលគ្នារវាងឧបករណ៍ភ្លេងបុរាណខ្មែរ ជាមួយនិងភ្លេងសម័យដូចគ្នាតែបទ សែកមន្ត និង Time To Rise មានវាសនាខុសគ្នា
នៅថ្មីៗនេះផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញ MV បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា សែកមន្ត ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលមានបញ្ចូលចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេងបុរាណលាយភ្លេងសម័យក្នុងបទចម្រៀងមួយនេះ ក៏ដូចជាដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ផងដែរ ។
ពិតណាស់បទ សែកមន្ត នេះបានផ្ទុះការវែកញែកជាច្រើនពីសំណាក់មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម ដែលមានទាំងមតិល្អៗ និងមតិមិនល្អផងដែរ ក្នុងមតិរះគន់ទាំងនោះបានលើកឡើង និងសម្ដែងការមិនចេញចិត្តជាខ្លាំងនៅពេលដែលផលិតកម្ម Galaxy Navatra បានជ្រើសយកមួកដែលមានមុខជាតុក្កតា LABUBU មកដាក់បញ្ជូលក្នុងបទ សែកមន្ត ខណៈបទនេះបានច្នៃបញ្ចូលគ្នារវាងឧបករណ៍ភ្លេងបុរាណខ្មែរ ជាមួយនឹងភ្លេងសម័យបានយ៉ាងល្អហើយ ប៉ុន្តែវត្តមានរបស់តុក្កតា LABUBU បានធ្វើឱ្យមហាជនលាន់មាត់ថាបទនេះគឺពិតជាភ្លាវខ្លាំងណាស់ ។
ងាកមកតារាចម្រៀងរ៉េប វណ្ណដា ម្ចាស់បទ Time To Rise វិញក៏បានច្នៃបញ្ចូលគ្នារវាងឧបករណ៍ភ្លេងបុរាណខ្មែរ ជាមួយនឹងភ្លេងសម័យដូចគ្នា ហើយបទនេះក៏ទទួលបានការកោតសរសើរ និងមតិល្អៗជាច្រើនពីមហាជន អ្វីដែលកាន់តែពិសេសនោះកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កាសែត Bangkok post របស់ប្រទេសថៃបានចុះផ្សាយពីវណ្ណដា ថាជាតារារ៉េប ដែលបានច្នៃបញ្ចូលគ្នារវាងឧបករណ៍ភ្លេងបុរាណខ្មែរ ជាមួយនិងភ្លេងសម័យថ្មីបង្កើតបានជាបទចម្រៀង Hiphop ដែលបានទាក់ទាញចិត្ត និងចំណាប់អារម្មណ៍របស់អ្នកស្តាប់ជុំវិញពិភពលោកឱ្យទទួលបានបទពិសោធន៍ថ្មី តាមរយៈការស្តាប់បទចម្រៀងរបស់វណ្ណដា ។ ទន្ទឹមគ្នានោះក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់ វណ្ណដា និងបានទម្លាយពីអារម្មណ៍សប្បាយចិត្ត ដោយពួកគេបានលើកឡើងថាពួកគេពិតជាសម្រេចចិត្តត្រូវដែលទុក វណ្ណដា ជា Idol ក្នុងដួងចិត្តរបស់ពួកគេ ៕