ផ្ទុះការបញ្ចេញមតិជាច្រើនចង់ឃើញ ជី ដេវីត និង ទេព បូព្រឹក្ស ច្រៀងនៅថ្ងៃបិទស៊ីហ្គេម
ត្រឡប់ទៅក្រោយបន្តិចព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រព្រឹត្តិទៅអស់រយៈពេលជិតមួយសប្ដាហ៏ហើយ ក្នុងនោះក៏មានអត្តពលិកដែលតំណាងឱ្យប្រទេសនានា បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តប្រកួតដើម្បីយកជ័យជំនះជូនជាតិពួកគេផងដែរ ចំពោះនៅកំឡុងថ្ងៃបើកព្រឹត្តិការណ៍កីឡាដ៏ធំនេះវិញឃើញថា កម្ពុជាយើងដែលជាម្ចាស់ផ្ទះបានរៀបចំផ្ទាំងទស្សនីភាពដ៏អស្ចារ្យ មានការច្រៀង និងសម្ដែងដោយតារាល្បីៗជាច្រើនដើម្បីបង្ហាញជូនភ្ញៀវកិត្តិយសទស្សនា ទាំងជាតិនិងអន្តរជាតិ ។
បើទោះបីជាមានការចូលពីសំណាក់តារាច្រៀងល្បីៗជាច្រើនក៏ពិតមែន ប៉ុន្តែគេមិនបានឃើញវត្តមានគូស្នេហ៍ ជី ដេវីត និង ទេព បូព្រឹក្ស បានបង្ហាញខ្លួននៅទីនោះឡើយ ដោយលែកថ្មីៗនេះផងដែរ ក៏មានការលើកឡើង និងបញ្ចេញមតិជាច្រើនថា ចង់ឃើញបទ “មហាណគរ ”របស់តារារ៉េប ជី ដេវីត និងបទ “វិរៈនារី ”របស់ទេព បូព្រឹក្ស យកទៅច្រៀងក្នុងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ នៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២៣។
ស្រាប់តែអ្នកច្នៃម៉ូត ឯម រៀម បានទំលាយសារយ៉ាងភ្ញាក់ផ្អើលមួយទៅកាន់អ្នកគាំទ្រ ជី ដេវីត និង ទេព បូព្រឹក្ស ថា “ផ្ញើរជូនបងប្អូនដែលស្រលាញ់ និងចូលចិត្តពួកគាត់ ដោយពួកគាត់ទាំងពីរនាក់មិនបានត្រៀមបិទព្រឹត្តិការណ៍ទេ SEAGames2023”។
សូមបញ្ជាក់ថា ថ្ងៃបិទបញ្ចប់នៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ គឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ការប្រកួតគ្រប់វិញ្ញាសាកីឡាទាំងអស់នៅត្រឹមថ្ងៃទី១៦ ខណៈបច្ចុប្បន្ននេះកម្ពុជា កំពុងទទួលបានមេដាយមាសឈរនៅលេខរៀងទី៣ បានមាស ៣៩គ្រឿង ប្រាក់ ៣៩គ្រឿង និងសំរិទ្ធ ៤៥គ្រឿង គិតត្រឹមថ្ងៃទី១០ ឧសភា ម៉ោង ១១ និង២៨ នាទីព្រឹកនេះ៕