អ្នកសិល្បវ័យចំណាស់ម្នាក់ឈឺធ្ងន់និងគ្មានប្រាក់ព្យាបាលកុំតែបានអ្នកជិតខាង

សិល្បការិនី ហេង សាវឿន មានវ័យក្រាសក្រែលដែរហើយ និងទើបបានប្រឡូកចូលក្នុងវិស័យសិល្បៈ នៅចន្លោះឆ្នាំ ២០១៦-២០១៧ នេះប៉ុណ្ណោះ តាមរយៈកម្មវិធីមួយរបស់ទូរទស្សន៍អប្បរាប៉ុស្តិ៍លេខ១១ ពេលនេះកំពុងសម្រាកឈឺធ្ងន់នៅផ្ទះ ដោយគ្មានថវិកាព្យាបាលជម្ងឺនោះទេ សំណាងល្អមានអ្នកជិតខាងបានជួយផ្តល់ផ្គត់ផ្គង់បន្តិចបន្តូច ដើម្បីដោះស្រាយជីវភាព ខណៈដែលខ្លួនកំពុងឈឺ និងគ្មានការងារថត។

លោកស្រី សាវឿន កន្លងទៅនេះ មហាជនបានចាប់ផ្ដើមបានស្គាល់គាត់ តាមរយៈកម្មវិធី មេផ្ទះលេខ១១ នៃស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ផ្ទាល់ និងមានទីផ្សារការងារ ដោយផលិតកម្មធំតូចនានា បានទាក់ទងហៅលោកស្រីមកសម្ដែងជារឿយៗផងដែរ ក្នុងដំណែងជាតួអង្គម្ដាយ និងសម្ដែងលេងសើចសប្បាយ រីករាយ ព្រមទាំងធ្វើជាតួអង្គអ្នកមាន អ្នកក្រ កាចស្លូត ទៅតាមសាច់រឿងដែលខាងផលិកកម្មបានដាក់ឱ្យសម្ដែងទៀតផង។

យ៉ាងណាមិញមួយរយៈក្រោយមកនេះ ទីផ្សារការងាររបស់លោកស្រីហាក់បីដូចជាស្ងាត់ពីសិល្បៈខ្លាំង មិនសូវសម្បូរការងារដូចមុននោះទេ ជាហេតុធ្វើឱ្យជីវភាពគាត់ធ្លាក់ចុះយ៉ាងកំហុក និងក្រោយមកអ្នកសិល្បរូបនេះសម្រេចចិត្តដើររើសអេចចាយយកទៅលក់ ដើម្បីបានថវិកាមកដោះស្រាយជីវភាពប្រចាំថ្ងៃ អាហារហូបចុក បង់ថ្លៃផ្ទះ និងការចំណាយផ្សេងៗទៀត ក្នុងស្ថានភាពកាន់តែយ៉ាប់យឺតទៅៗផងដែរ។

ថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Yin Srey Pov បានអោយដឹងថា «អ្នកសិល្បតួម្ដាយ ហៅ យាយ វឿន គាត់បានធ្លាក់ខ្លួនឈឺ គឺជាជម្ងឺមនុស្សចាស់ ក្រពះពោះរៀនបានធ្វើទុក្ខអស់រយៈពេល ៣ថ្ងៃហើយ តែគាត់ពុំហានទៅមន្ទីពេទ្យទេ ក្រោមហេតុផលគ្មានលុយ សូម្បីតែមួយរៀលនៅក្នុងខ្លួន ដោយរស់នៅក្បែរអ្នកជិតខាងមានចិត្តបុណ្យក៏បានជូនគាត់ទៅមន្ទីពេទ្យ ចំណែកឯលោកគ្រូពេទ្យវិញក៏មានសណ្ដានចិត្តល្អបានដាក់សេរ៉ូមជូន អ៊ំស្រី វឿន ដោយមិនយកថវិកាថែមទៀត»។

សូមបញ្ជាក់ថា ក្រោយពេលដែលលោកយាយ វឿន ត្រឡប់មកពីពេទ្យវិញ គាត់បានឆាតទៅកាន់បងស្រីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Yin Srey Pov និងបានរៀបរាប់អំពីទុក្ខលំបាក និងស្ថានភាពជីវភាព ខ្វះខាត់របស់គាត់ ទាំងអួលដើមករថា «រាល់ថ្ងៃគាត់រស់នៅបន្ទប់ជួល ពោលមិនមានផលិតកម្មណាហៅថតនោះទេ គឺគាត់ដើររើសអេចចាយលក់គ្រាន់បានលុយតិចតួចចិញ្ចឹមជីវិត »៕

អត្ថបទដែលជាប់ទាក់ទង