ទីបំផុតមហាសេដ្ឋី Elon Musk បានបង្ហាញមុខនាយប្រតិបត្តិថ្មីរបស់ Twitter ជាផ្លូវការណ៏ហើយ
លោក Elon Musk សម្រេចិត្តតែងតាំងនាយកប្រតិបត្តិថ្មីរបស់ Twitter ហើយ បន្ទាប់ពីរូបលោកបានគ្រប់គ្រង់ត្រឹមតែជាងប្រាំមួយខែ នៅក្នុងស្ថានភាពមួយដ៏ចម្រូងចម្រាសរបស់គាត់ ក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីមួយនេះ។
មហាសេដ្ឋីរូបនេះបានបញ្ជាក់ថា អ្នកស្រី Linda Yaccarino ជាអតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មនៅ NBCUniversal នឹងមកមើលការខុសត្រូវលើប្រតិបត្តិការអាជីវកម្មនៅគេហទំព័រនេះ ដែលកំពុងជួបការលំបាកក្នុងការរកលុយ។ ដោយគាត់បាននិយាយថា នាងអាចនឹងចាប់ផ្តើមក្នុងរយៈពេលប្រាំមួយសប្តាហ៍ទៀត។
មហាសេដ្ឋីលំដាប់ទីមួយពិភពលោកម្នាក់នេះ នឹងនៅតែជាប់ពាក់ព័ន្ធជាប្រធានប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យាក្នុងក្រុមហ៊ុនមួយនេះដដែលផងដែរ។ ដោយលោកបាននិយាយថា “ការទន្ទឹងរង់ចាំធ្វើការជាមួយអ្នកស្រី Linda ដើម្បីផ្លាស់ប្តូរវេទិកានេះទៅជា X ដែលជាកម្មវិធីគ្រប់យ៉ាង” គាត់បានសរសេរនៅលើបណ្តាញសង្គម Twitter របស់គាត់ផ្ទាល់ ដោយបញ្ជាក់ពីការសម្រេចចិត្តមួយថ្ងៃ បន្ទាប់ហើយក៏បានបង្ហាញពីអារម្មណ៏ដែលមានការរំពឹងទុកជាមួយនឹងក្តីរំភើប បន្ទាប់ពីការរកឃើញនៅអ្នកគ្រប់គ្រងថ្មី ដោយមិនបញ្ចេញអត្តសញ្ញាណរបស់ពួកគេនោះទេ ។
គួរឲ្យដឹងផងដែរថាលោក Elon Musk បានទិញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពមួយនេះកាលពីឆ្នាំមុនក្នុងតម្លៃមួយដ៏ខ្ពស់រហូតដល់ទៅ ៤៤ពាន់លានដុល្លារឯណោះ។ កន្លងទៅនេះ Elon Musk បានស្ថិតនៅក្រោមសម្ពាធក្នុងការស្វែងរកអ្នកគ្រប់គ្រងផ្សេង ដើម្បីមកដឹកនាំក្រុមហ៊ុនបណ្តាញសង្គមដ៏ពេញនិយមមួយនេះ ហើយលោកនឹងមានវេលាសម្រាប់ការផ្តោតលើអាជីវកម្មផ្សេងទៀតរបស់លោកដែលរួមមានដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla និងក្រុមហ៊ុនរ៉ុក្កែតឈានមុខគេនៅសហរដ្ឋអាមេរិច SpaceX ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យា Fortune 500 ក្រុមហ៊ុនមានត្រឹមតែតិចជាង 10% ដែលដឹកនាំដោយស្រ្តី ហើយលោកស្រី Yaccarino នឹងក្លាយជាគំរូដ៏កម្រមួយរបស់ស្ត្រីនៅចំណុចកំពូលនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បន្ទាប់ពីការកើនឡើងជាលំដាប់តាមរយៈចំណាត់ថ្នាក់នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនរបស់អាមេរិក៕
បកប្រែដោយ៖កញ្ញា មាស សំនៀង /Media365